(ភ្នំពេញ)៖ គណបក្សខ្មែរក្រោក បានប្រកាសបេក្ខជនឈរឈ្មោះ ជាតំណាងរាស្ដ្រ ចំនួន១៤ រាជធានី-ខេត្ត របស់គណបក្សខ្លួនមិនទាន់ត្រូវបានចុះបញ្ជីនៅឡើយ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សខ្មែរក្រោក ដែលមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាតំណាងស្ថាបនិក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា គណបក្សខ្មែរក្រោក នឹងដាក់បេក្ខជនឈរឈ្មោះ ជាតំណាងរាស្ដ្រលើខេត្តចំនួន១៤ ដូចខាងក្រោម៖
១៖ រាជធានីភ្នំពេញ ១២រូប និងបំរុង ១២រូប
២៖ ខេត្ដកណ្ដាល ១១រូប និងបំរុង ១១រូប
៣៖ ខេត្តកំពង់ចាម ១០រូប និងបំរុង ១០រូប
៤៖ ខេត្តត្បូងឃ្មុំ ១០រូប និងបំរុង ១០រូប
៥៖ ខេត្ដព្រៃវែង ១១រូប និងបំរុង ១១រូប
៦៖ ខេត្តបាត់ដំបង ៨រូប និងបំរុង ៨រូប
៧៖ ខេត្ដតាកែវ ៨រូប និងបំរុង ៨រូប
៨៖ ខេត្ដកំពង់ស្ពឺ ៦រូប និងបំរុង ៦រូប
៩៖ ខេត្តកំពង់ធំ ៦រូប និងបំរុង ៦រូប
១០៖ ខេត្តកំពត ៦រូប និងបំរុង ៦រូប
១១៖ ខេត្តសៀមរាប ៦រូប និងបំរុង ៦រូប
១២៖ បន្ទាយមានជ័យ ៦រូប និងបំរុង ៦រូប
១៣៖ ខេត្តស្វាយរៀង ៥រូប និងបំរុង ៥រូប
១៤៖ ខេត្ដព្រះសីហនុ ៣រូប និងបំរុង ៣រូប
សរុប ១០៨រូប និងបំរុងរូប ១០៨រូប ។
សូមជម្រាបថា គ.ជ.ប បានចាប់ផ្តើមការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន និង គណបក្សអំណាចខ្មែរប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សទាំងនេះ មិនចូលរួមក្តី ក៏មានមានគណបក្សនយោបាយ ជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះ នឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុន។
តាមការរំពឹងទុក នឹងមានគណបក្សច្រើនជាង១០ ចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ៕