(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ បានរៀបចំកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ស្តីពី ការពិភាក្សាលើបញ្ហាបន្ទាន់ ការដែលសហគមន៍អឺរ៉ុប គ្រោងនឹងដាក់វិធានការណ៍លើការនាំចេញអង្ករកម្ពុជា ទៅកាន់សហគមន៍សហគមន៍អឺរ៉ុប ក្រោមអធិបតីភាព លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាសហប្រធានក្រុមការងារទី៩ ផ្នែកស្រូវអង្ករ។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៥ ខែឧសភានេះបានបញ្ជាក់ថា បន្ទាប់ពីពិភាក្សាយ៉ាងផុសផុល ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នា ដូចខាងក្រោម៖
១៖ ចូលរួម និងគាំទ្រលើគោលការណ៍ ស្តីពីការបង្កើតប្រព័ន្ធទិន្នន័យរួម និងពិនិត្យឡើងវិញ លើការកែសម្រួលលេខកូដនាំចេញស្រូវអង្ករ ដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងឆ្លើយតបទៅកាន់សហគមន៍អឺរ៉ុប ឲ្យបានទាន់ពេលវេលា និងមានទិន្នន័យគ្រប់គ្រាន់។
២៖ ដើម្បីប្រជុំពិភាក្សាគ្នាលើបញ្ហានានាខាងលើ បន្តជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ អង្គប្រជុំបានឯកភាពចូលរួម និងគាំទ្រលើការប្រើយន្តការក្រុមការងារទី៩ ផ្នែកស្រូវអង្ករ ក្នុងការបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីជាអ្នកសម្របសម្រួលលើការងារនេះ។
៣៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកិច្ចប្រជុំបន្ទាប់ ដោយប្រើយន្តការក្រុមការងារបច្ចេកទេស នៃក្រុមការងារទី៩ ដើម្បីពិនិត្យលទ្ធភាពលើការកែសម្រួលលេខកូដអង្ករនាំចេញឲ្យបានច្បាស់លាស់ និងការបង្កើតប្រព័ន្ធទិន្នន័យរួម ដោយនឹងមានបទបង្ហាញ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពីបច្ចេកទេសផ្លូវច្បាប់ថា តើយើងអាចធ្វើបាន ឬយ៉ាងណា និងធ្វើដោយវិធីណា។
សូមជម្រាបថា ថ្មីៗនេះ ប្រទេសអ៊ីតាលី ដែលជាប្រទេសផលិតអង្ករមួយក្នុងសហគមន៍អឺរ៉ុប បានដាក់ពាក្យប្តឹងទៅអឺរ៉ុប ដោយស្នើឲ្យដាក់គំនាមលើការនាំចូលអង្ករពីកម្ពុជា និងបានលើកហេតុផលមិនសមរម្យមួយចំនួន។ បន្ទាប់ពីមានបញ្ហានេះ ក្រសួងស្ថាប័នពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីដោះស្រាយទីផ្សារអង្ករ។
អ្នកនាំចេញអង្ករអះអាងថា អង្ករដែលកម្ពុជានាំចេញទៅអឺរ៉ុប ភាគច្រើនគឺជាអង្ករក្រអូប ដែលមានមិនបញ្ហាជាមួយប្រទេសអ៊ីតាលីនោះទេ។ អ៊ីតាលីជាប្រទេសដែលអាចផលិតបានតែអង្ករសប៉ុណ្ណោះ៕