(មណ្ឌលគិរី)៖ សិស្សទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន មនោរម្យ រស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្តែងការឈឺចាប់ និងថ្កោលទោសចំពោះលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
ការប្រតិកម្មរបស់សិស្សទើបបញ្ចប់ការសិក្សាថ្នាក់ទី១២រូបនេះ បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេលសកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំមិនពេញចិត្តចំពោះទង្វើរបស់បុគ្គលរូបនេះ ដែលសន្យាកាត់ទឹកដីឲ្យជនបរទេស ហើយសុំសំណូមពរឲ្យតុលាការផ្តន្ទាទោសជននេះទៅតាមច្បាប់។ ខ្ញុំអត់ខ្លាចនឹងហ៊ានចេញមុខប្រឆាំងនឹងបុគ្គលក្បត់ជាតិម្នាក់នេះទេ បុគ្គលរូបនេះមិនចាំបាច់ធ្វើនយោបាយតទៅទៀតនោះទេ» នេះជាការលើកឡើងរបស់សិស្សទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ (សូមស្តាប់តាមវិដេអូ)។
សូមបញ្ជាក់ថា នៅក្នុងវីដេអូកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះ តំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ផងដែរ ខណៈដែល លោក សម រង្ស៊ី ដែលកំពុងមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពី សំណាញ់ច្បាប់ នៅក្រៅប្រទេសនៅឡើយ៕