(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ បានចុះពង្រឹងកិច្ចការងារ ដល់មន្ដ្រីមូលដ្ឋាន ភូមិទឹកថ្លា សង្កាត់ទឹកថា និងក្រុមការមូលដ្ឋានភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដើម្បីក្ដោមជុំនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ។
ក្នុងឱកាសនោះ ចុះពង្រឹងកិច្ចការងារដល់មន្ដ្រីក្រុមការងារមូលដ្ឋាន នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ក៏មានចូលរួមដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន លោកសាស្ត្រាចារ្យ ងី ម៉េង និងលោកសាស្ត្រាចារ្យ តាន់ សុគុន បានដឹកនាំក្រុមការងារចុះជួយសង្កាត់ទឹកថ្លា និងក្រុមការងារចុះជួយសង្កាត់អូរបែកក្អមផងដែរ ។
ទន្ទឹមនឹងនោះ ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ ក៏បានពិនិត្យមើលវឌ្ឍនភាពនៃការធ្វើជំរឿនសៀវភៅមេគ្រួសារបក្ស និងលើកទឹកចិត្តឱ្យក្រុមការងារចុះជួយភូមិ និងសមាជិកបក្សមូលដ្ឋានទាំងអស់ខិតខំ ឱ្យអស់លទ្ធភាពធ្វើយ៉ាងណានាំមកនូវជ័យជំនះ មកជូនគណបក្សប្រជាជន នៅក្នុងការបោះឆ្នោតខាងមុខនេះ។
ព្រមជាមួយគ្នានេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង សំណេះសំណាលសួរសុខទុក្ខ ដល់ក្រុមការងារមូលដ្ឋានភូមិទាំងពីរ ក្នុងការដឹងច្បាស់ពីបញ្ហាប្រឈមអ្វីខ្លះ សម្រាប់ការងារ និងក្រុមគ្រួសារផងដែរ ដើម្បីជួយសម្រាលនូវកិច្ចការលំបាកនោះមួយកម្រិតថែមទៀត ៕