(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦៖២៤ នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវ ទ្វារចរន្ត F2A មូលហេតុដោយសារ ក្រុមហ៊ុន ហុង លៀន ឌីវ័រលប់មិន ខនស្ត្រាក់សិន (HONG LIEN DEVELOPMENT CONSTRUCTION Co.,Ltd) បុកដែកចូលក្នុងដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដីដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ចាប់ពីឆ្នេរឯករាជ្យ (តាមបណ្តោយវិថីលេខ២ធ្នូ) រហូតដល់រង្វង់មូលតោពីរ ក្នុងសង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អគ្គិសនីកម្ពុជាបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២០៖៣០នាទីយប់។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕