(ភ្នំពេញ)៖ ផលិតករភាពយន្តខ្មែររបស់ផលិតកម្ម «សាង សុបិន្ត» លោក រ័ត្ន កុសល បានសម្ដែងក្ដីបារម្ភ ចំពោះភាពយន្តខ្មែរ ដែលកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាមួយនឹងភាពយន្តបរទេស ដោយបានហូរចូលជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះផលិតកររូបនេះ បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសយុវវ័យ បន្តជួយគាំទ្រខ្សែភាពយន្តរបស់ខ្មែរយើង។
ការថ្លែងបែបនេះ របស់លោក រ័ត្ន កុសល ត្រូវបានធ្វើឡើង នៅក្នុងកម្មពិធីសម្ពោធរឿង «ចង្វាក់បេះដូង» ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំនៅរោងភាពយន្ត Major ផ្សារទំនើបសុរិយា ដោយមានការអញ្ជើញចូលរួម ពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនរូប ជាពិសេសមានការចូលរួមជាភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករផងដែរ។
លោក រ័ត្ន កុសល បានបង្ហាញនូវចំណុចខ្លះៗ នៅក្នុងកម្មវិធីសសម្ពោធរឿងរបស់ខ្លួនថា ដោយសារតែលោកសម្លឹងមើលឃើញទីផ្សារខ្សែភាពយន្តនៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងពេញនិយមពីសំណាក់យុវវ័យជំនាន់ ពិសេសដើម្បីចូលរួមលើស្ទួយវិស័យភាពយន្តនៅកម្ពុជា ឱ្យកាន់តែមានសន្ទុះកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោក រ័ត្ន កុសល បានបន្តថា «ក្នុងនាមខ្ញុំបាទជាផលិតករមួយរូប ខ្ញុំសូមអរគុណដល់ផលិតករគ្រប់រូប ដែលបានចំណាយដើមទុនផ្ទាល់ខ្លួន ក៏ដូចជាពេលវេលា និងខិតខំប្រើប្រាស់វិជ្ជាជីវៈ ដើម្បីធ្វើឱ្យវិស័យភាពយន្ត នៅកម្ពុជា មានភាពរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែយ៉ាងណាមិញ ដូចយើងបានដឹងស្រាប់ហើយថា វិស័យភាពយន្តនៅប្រទេសកម្ពុជា បើនិយាយពីការចុះទុនពីដំបូង ត្រូវត្រៀមខ្លួនឱ្យហើយទុកមុន ពីព្រោះវិស័យរបស់យើង ហាក់នៅមានភាពឃ្លីងឃ្លោងៗ ពោលគឺមិនទាន់មានលំនឹងច្បាស់លាស់នៅឡើយទេ ប្រសិនបើអ្នកចូលទស្សនា មានចំនួនតិច នោះហានិភ័យ កាន់តែមានខ្ពស់ ដូច្នេះហើយ បើសិនជាចង់ឱ្យវិស័យភាពយន្តខ្មែរ នៅប្រទេសកម្ពុជា មានភាពរីកចម្រើនទៅមុខ សូមមហាជនចូលរួមលើកស្ទួយវិស័យវប្បធម៌ ទាំងអស់គ្នា»។
សូមបញ្ជាក់ថា ភាពយន្តស្នេហា បែបកំប្លែងនេះក៏មានការចូលរួមសម្តែងដោយកញ្ញា រ៉ូលីន និងសិល្បករជាច្រើនរូបទៀត។
បើតាមកញ្ញា រ៉ូលីន បានចាប់អារម្មណ៍លើសាច់រឿងនេះ ថាមានភាពទាក់ទាញ នឹងឈុតដែលខ្លួនចូលចិត្តជាច្រើន ពិសេសឈុតស្នេហាជាមួយតួប្រុស៕