(ពោធិ៍សាត់)៖ សមិទ្ធិផលដែលកើនមានឡើង ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ស្ថេរភាពនយោបាយល្អ នាពេលនេះ រួមមាន៖ អគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ កម្ពស់៣ជាន់, សួនច្បារ, ចំណតរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ទើបសាងសង់រួច នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
អគាររដ្ឋបាលថ្មី លើកដំបូងរបស់សាលាខេត្តពោធិ៍សាត់ នឹងក្លាយជាការិយាល័យ ធ្វើការរបស់មន្ត្រីរាជការ មានលក្ខណៈស្អាតសមរម្យ សម្រាប់បំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា មានលក្ខណៈធំទូលាយ លែងចង្អៀតដូចមុន និងមានកន្លែងចតរថយន្តត្រឹមត្រូវ ដែលបានដំណើរការសាងសង់តាំងពីឆ្នាំ២០១៣មក។
ទោះបីការអភិវឌ្ឍន៍ មិនទាន់បានដូចបំណង តែខេត្តពោធិ៍សាត់យើងពិតជាមានមោទនភាពដែលលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានខិតខំអភិវឌ្ឍន៍ខេត្ត ដែលធ្លាប់តែលឺថា ជាខេត្តឆ្លងកាត់ ឲ្យប្រែក្លាយមកជាខេត្តឈានទៅប្រកួតប្រជែង ក្នុងតំបន់នៅពេលនេះឆាប់ៗខាងមុខ។
នៅមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលបាននឹងកំពុងធ្វើ ហើយនឹងត្រូវធ្វើបណ្តើរៗ នាពេលខាងមុខនោះ គឺទំនប់បង្ហៀរក្បាលហុង ភ្លើងស្តុប៤ទីតាំង ផ្លូវថ្មើរជើងតាមមាត់ស្ទឹង សេវាអ៊ីនធើណិត Public Wi-Fi ដោយមិនគិតថ្លៃ នៅតាមបណ្តោយសួនច្បារចាប់ពីទូរទស្សន៍LED ដល់ស្ពានឆ្លងទៅកោះសំពៅមាស...ជាដើម ដែលសមិទ្ធផលទាំងនេះ បានកើតមានឡើងដោយសារការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ៕