(សៀមរាប)៖ អតីតយុទ្ធជនក្នុងខេត្តសៀមរាប បានចាត់ទុកការអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅចូលរួមបោះឆ្នោត ជាការធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ និងរារាំងនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។
ក្នុងពិធីទទួលមេដាយការពារជាតិ ដែលធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកតា ស៊ិត ផង់ អាយុ ៧០ឆ្នាំ រស់នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ បានលើកឡើងថា ការបោះឆ្នោតជារឿងសំខាន់សម្រាប់រូបគាត់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំប្រទេសដែលពួកគេជឿ និងទុកចិត្ត។
លោកតា ស៉ិត ផង់ បានបញ្ជាក់ថា លោកតាមិនជឿតាមការអំពាវនាវរបស់លោក សម រង្ស៊ី ទណ្ឌិតដែលកំពុងរត់គេចពីសំណាញ់ច្បាប់ ហើយខកខានការជ្រើសរើសមេដឹកនាំជាតិនោះឡើយ។
«ពួកខ្ញុំមិនជឿតាមការញុះញង់របស់ទណ្ឌិត សម រង្សី ដែលអំពាវនាវមិនឲ្យប្រជាជនទៅបោះឆ្នោតនោះទេ ព្រោះទង្វើនេះវាជាការបិទសិទ្ធិ នយោបាយរបស់ពលរដ្ឋផ្ទុយច្បាប់រដ្ឋធម្មនុញ្ញ។ ហេតុនេះពួកខ្ញុំព្រមទាំងក្រុមគ្រួសារត្រូវតែទៅបោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជា»។ លោកតា ស៊ិត ផង់ បញ្ជាក់បន្ថែម។
លោកស្រី ឃឿន សួរ អាយុ ៥៣ឆ្នាំ ភរិយាសពយោធិនមរណៈឈ្មោះ ថា ឡាំ មានទីលំនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ក៏បានបង្ហាញឆន្ទៈស្រដៀងគ្នានេះដែរ។ លោកស្រីថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ៥ឆ្នាំម្តងនេះ គឺសំខាន់ណាស់សម្រាប់រូបគាត់ ហើយមិនអាចខកខាននោះឡើយ។
លោកស្រី ឃឿន សួរ ប្រកាសថា «ការបោះឆ្នោតខាងមុខនេះ គឺសំខាន់ណាស់សម្រាប់រូបខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដូច្នេះពួកខ្ញុំមិនស្តាប់តាមការអំពាវនាវអគតិ និងការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិខ្មែរនោះឡើយ»។
ការប្រតិកម្មរបស់អតីតយុទ្ធជននេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះកំពុងធ្វើយុទ្ធនាការអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលគាំទ្រអតីតបក្សសង្គ្រោះជាតិកុំឲ្យទៅបោះឆ្នោត។
មិនត្រឹមតែប្រកាសប្រឆាំងការអំពាវនាវរបស់លោក សម រង្ស៊ី ប៉ុណ្ណោះទេ អតីតយុទ្ធជននៅក្នុងខេត្តសៀមរាប ក៏បានប្រកាសគាំទ្រសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីផងដែរ។ ការប្រកាសគាំទ្របែបនេះ ក៏ដោយសារតែពួកគេបានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលតម្កល់ប្រយោជន៍ជាតិ និងប្រជាជន ជួយដោះស្រាយរាល់បញ្ហារបស់ប្រជាជន ប្រឹងប្រែងអភិវឌ្ឍន៍ជាតិមាតុភូមិពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន៕