(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលបានឆក់កាបូបស្ពាយ ពីស្ត្រីជាជនជាតិបារាំង រហូតបណ្តាលឲ្យដួលរងរបួស ហើយរត់គេចខ្លួនបាត់ កាលពីអំឡុងជាង២ខែមុននោះ ត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបង្ក្រាបរហូតវាយខ្នោះបាន ព្រមទាំងដកហូតបានម៉ូតូ១គ្រឿងផងដែរ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ លោក ប៊ុន សត្យា បានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យរបស់លោក បានឈានដល់ការបង្ក្រាបជនសង្ស័យ ជាចោរឆក់នៅមុខក្លឹបកំសាន្តរ៉ុក តាមផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង១០ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា សុខពេជ្រ ហៅភ័ក្រ កើតឆ្នាំ២០០៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ BECKER MARIE LOUISE អាយុ៦០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ១១A១៩៦៥០៧ ស្នាក់នៅ សណ្ឋាគារទីតាំងផ្ទះលេខ៨ ផ្លូវលេខ៧៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ហេតុការណ៍នោះ បានបណ្តាលឲ្យជនរងគ្រោះដួលរងរបួស នៅចំណុចលើកំណាត់ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវសុរាម្រិត ក្នុងភូមិទី២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់រំលងអាធ្រាតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺកាលពីអំឡុងជាង២ខែមុន។
លោកវរសេនីយ៍ឯក នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ប្រតិបត្តិការស្រាវជ្រាវកំណត់ពីអត្តសញ្ញាណមុខសញ្ញា និងឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យជាចោរឆក់ជនបរទេស កម្លាំងនគរបាលជុំនាញ បានចាប់យកវត្ថុតាងមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1U-9289 ដើម្បីបញ្ជូនមកកាន់ការិយាល័យជំនាញ ក្នុងការសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕