(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចេញប្រកាសពីនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីបសុឱសថ ក្នុងមានគោលបំណងកំណត់នូវនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជីបសុឱសថ និងវត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុ គ្រប់ប្រភេទ ។
យោងតាមសេចក្តីប្រកាស របស់ក្រសួងកសិកម្ម ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រកាសនេះមានគោលបំណងដូចជា៖
ទី១៖ កំណត់នីតិវិធី និងការតម្រូវ បមាណីយសម្រាប់ការចុះបញ្ជីបសុឱសថ និងវត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុ។
ទី២៖ ធានាការគ្រប់គ្រងបញ្ជិកាបសុឱសថ វត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។
ទី៣៖ លើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាពនៃបសុឱសថដែលត្រូវធ្វើពាណិជ្ជកម្ម ផលិតលាយផ្សំ និងប្រើប្រាស់នៅក្នុងផលិតកម្មសត្វ។
ទី៤៖ ទប់ស្កាត់ហានិភ័យ និងការពារគ្រោះថ្នាក់ចំពោះជីវិត ឫសុខភាពមនុស្ស សត្វ និងបរិស្ថាន ដែលបង្កដោយការប្រើប្រាស់បសុឱសថ វត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុនៅក្នុងផលិតកម្មសត្វ។
ទី៥៖ រួមចំណែកលើកកម្ពស់ផលិតកម្មសត្វ ពាណិជ្ជកម្មសត្វ និងផលិតផលសត្វប្រកបដោយសុវត្ថិភាព៕