(សៀមរាប)៖ ដោយមានការយកចិត្តដាក់ខ្ពស់ពីសំណាក់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន, ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួមទាំង ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចកវិទ្យា និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ បានបើកប្រតិបត្តិការ និងបំបែកសំណុំរឿងឃាតកម្មសម្លាប់ប្លន់ អ្នកលក់គ្រឿងបន្លាស់រថយន្តដែលមានការកក្រើកនៅក្រុងសៀមរាប ដោយលទ្ធផល ជនដៃដល់ចំនួន៣នាក់ ក្នុងមានស្រ្តីម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ករណីឃាតកម្មដ៏រន្ធត់មួយ បានកើតឡើងកាលពីចន្លោះម៉ោង២០៖៣០នាទី ទៅម៉ោង២១៖៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ លើជនរងគ្រោះ ឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅខាងក្រោយ សណ្ឋាគារគោកធ្លក ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នគរបាលខេត្តសៀមរាប បានបើកការស៊ើបអង្កេតស្រាវជ្រាវបំបែកសំណុំរឿងដ៏ស្មុគស្មាញនេះបានហើយ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងអ្នកជាប់ពាក់ព័ន្ធបានចំនួន០៣នាក់/ស្រី០១នាក់ ដកហូតវត្ថុតាងបានមួយចំនួនផងដែរ។
កិច្ចសហប្រត្តិបត្តការណ៍នេះ ក៏បានធ្វើឡើងដោយមានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប, កម្លាំងនគរបាលផែនសន្តិសុខ និងកម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ។
របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ បានរៀបរាប់ពីដំណើររឿងដូចខាងក្រោម៖
*ដោយធ្លាប់មានការទំនាក់ទំនងគ្នាពីមុន ឈ្មោះ សយ ឡុន ហៅជ្រូក បានមករកឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ឲ្យជួយរកការងារឲ្យខ្លួនធ្វើ។ ក្រោយមក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទីព្រឹក ឈ្មោះ អ៊ុន ប៉ូឡូញ បាននាំឈ្មោះ សយ ឡុន មករកសុំការងារធ្វើនៅផ្ទះជនរងគ្រោះ។ បន្ទាប់មកឈ្មោះ សយ ឡុន និងឈ្មោះ អ៊ុន ប៉ូឡូញ បាននាំគ្នាទៅផឹកស៊ីក្នុងហាងមួយ នៅខាងក្រោយស្តាតចាស់ ក្នុងសង្កាត់ស្វាយដង្គុំ រហូតដល់ម៉ោង២២៖០០នាទីយប់។
ជនសង្ស័យទាំងពីរ បាននាំគ្នាចេញពីកន្លែងផឹកស៊ី ហើយធ្វើដំណើរទៅបន្ទប់ជួលរបស់ឈ្មោះ សយ ឡុន ហៅជ្រូក ដែលមានទីតាំងក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ អំឡុងពេលនៅក្នុងបន្ទប់ជួល អ្នកទាំងពីរបានពិភាក្សាគ្នា អំពីគម្រោងសម្លាប់ដើម្បីយកទ្រព្យសម្បត្តិ ពីជនរងគ្រោះ ព្រោះដោយសារជនរងគ្រោះ នៅផ្ទះម្នាក់ឯងហើយមានទ្រព្យសម្បត្តិច្រើន។
ដោយកិច្ចពិភាក្សានេះ ជនសង្ស័យទាំងពីរ បានពិភាក្សារហូតដល់ម៉ោង៤ព្រឹកទាបភ្លឺ ឆ្លងចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីរៀបចំគម្រោងច្បាស់លាស់រួចហើយ ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ក៏បានឡើងជិះម៉ូតូរបស់ខ្លួនចេញទៅបាត់ទៅ។ លុះដល់វេលាម៉ោង២០ឈ្មោះ សយ ឡុន ហៅជ្រូក បានអនុវត្តតាមគម្រោង ដោយចេញមករកម៉ូតូឌុបជិះ នៅចំណុចខាងមុខសាលាអន្តរជាតិ ស្ថិតក្នុងភូមិសាលាកន្សែង ហើយបានខ្ចីទូរសព្ទ័របស់អ្នករត់ម៉ូតូឌុប ដើម្បីខលទៅជនរងគ្រោះ ដោយប្រាប់ថា គេកំពុងជិះម៉ូតូឌុប ទៅជួបជនរងគ្រោះហើយ។
ពេលទៅដល់មុខផ្ទះជនរងគ្រោះ ជនសង្ស័យ ឈ្មោះ សយ ឡុន បានយកទូរសព្ទ័អ្នករត់ម៉ូតូឌុប ខលទៅ ជនរងគ្រោះម្តងទៀត ដោយប្រាប់ថា រូបគេមកដល់ហើយ ដើម្បីឲ្យជនរងគ្រោះបើកទ្វារឲ្យរូបគេ ក្រោយនិយាយទូរសព្ទ័រួច អ្នករត់ម៉ូតូឌុបក៏បើម៉ូតូចេញទៅបាត់។ ពេលជនរងគ្រោះបើកទ្វារជនសង្ស័យ ឈ្មោះ សយ ឡុន ក៏បានចូលទៅក្នុងផ្ទះ និយាយគ្នាជាមួយជនរងគ្រោះ បានបន្តិច ជនរងគ្រោះក៏ដើរឡើងទៅលើឡៅតឿ។
ឆ្លៀតពេលនោះ ជនសង្ស័យក៏បានដើរទៅចង្ក្រានបាយផ្នែកខាងក្រោយផ្ទះ ហើយយកកាំបិតចុងស្រួច កាន់ក្នុងដៃលាក់នៅខាងក្រោយខ្នង ឈរនៅក្បែរជណ្តើរ ពេលជនរងគ្រោះដើរចុះមកវិញ ហើយដើរសំដៅមកនិយាយជាមួយខ្លួន ជនសង្ស័យ ក៏យកកាំបិតដែលខ្លួនលាក់ទុកក្នុងដៃ ចាក់សំដៅ ទៅបំពង់ករជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះដួលប្រកាច់ស្លាប់ភ្លាមៗ។
ជនសង្ស័យក៏ដើរឡើងតាមកាំជណ្តើរទៅខាងលើឡៅតឿ ចូលក្នុងបន្ទប់ដេក របស់ជនរងគ្រោះ ដើម្បីប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រួមមាន៖
*ខ្សែ-ក មាសមាន បណ្តោងយុត្តការទម្ងន់៣តម្លឹងពីរជី
*ចិញ្ចៀនពេជ្រ មួយវង់
*ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាកIPhone 7Plus ពណ៌ខ្មៅ+ម៉ាកSamsung Note8 ពណ៌ខ្មៅ )
*IPad ចំនួន០១គ្រឿង
*ប្រអប់ផ្ទុកទិន្ន័យ កាមេរ៉ាសុវត្តិភាព០១គ្រឿង។
លុះដល់វេលាម៉ោង២៣ ជនសង្ស័យឈ្មោះ ឈ្មោះ សយ ឡុន បានចាកចេញពីកន្លែងកើតហេតុ ដោយមានឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា រង់ចាំទទួលហើយដឹកចេញទៅ តាមផ្លូវទៅទិសខាងត្បូង នៃផ្ទះជនរងគ្រោះ ហើយបត់ចូលតាមផ្លូវបាខែង ទៅទិសខាងកើត ទៅដល់ចំណុចលូទឹកស្អុយឈ្មោះ សយ ឡុន ហៅជ្រូក និងឈ្មោះ អ៊ុន ប៉ូឡូញ បានចែកទ្រព្យសម្បត្តិដែលប្រមូលបាន ដោយឈ្មោះ សយ ឡុន ហៅជ្រូក ទទួលបានខ្សែ-ក មួយខ្សែ ទូរសព្ទ័ចំនួន០២គ្រឿង រួមនឹងប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាពផងដែរ ចំណែក ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ទទួលបានចិញ្ជៀន០១វង្ស។
ក្រោយមកអ្នកទាំងពីរ ក៏បានបែកផ្លូវគ្នាដោយឈ្មោះ សយ ឡុន ហៅជ្រូក បានទម្លាក់ប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាព ចូលទៅក្នុងលូទឹកស្អុយ។
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីមានការភ្ញាក់ផ្អើល ដោយសារប្រទះឃើញសាកសពជនរងគ្រោះ កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការសហការ ជាមួយអង្គភាពពាក់ពន្ធ័បើកការស្រាវជ្រាវ នៅបរិវេណកន្លែងកើតហេតុ។ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កម្លាំងផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងក្រុងសៀមរាប បានរកប្រអប់ផ្ទុកទិន្ន័យកាមរ៉ាសុវត្តិភាពឃើញ។
ក្រោយរកឃើញ ប្រអប់ផ្ទុកទិន្ន័យ កាមរ៉ាសុវត្តិភាព នឹងរកឃើញតំរុយផ្សេងៗទៀត ពាក់ពន្ធ័ទៅនឹងជនសង្ស័យ និងជនពាក់ពន្ធ័នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលផែនសន្តិសុខដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី និងកម្លាំងនគរបាលផែនព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ព្រមទាំង កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅវេលាម៉ោង២៣យប់ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធឿន ធីតា ហៅ ស៊ុក ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ មានទីកន្លែងកំណើត នៅភូមិ ត្របែក ឃុំដំដែក ស្រុកសូទ្រនិគមន៍។
នៅវេលាម៉ោង០១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សយ ឡុន ហៅ ជ្រូក អាយុ២៤ឆ្នាំ(ជាចារី) រស់នៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ខ្លួននៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ខណៈជនរូបនេះ នៅកន្លែងពិធីបុណ្យមួយនៅភូមិខាងលើ។ ហើយនៅវេលាម៉ោង១២:០០នាទី ឈ្មោះ អ៊ុន ប៉ូឡូញ អាយុ៣២ឆ្នាំ រស់នៅ ភូមិដំដែក ស្រុកសូទ្រនិគម (ជាអ្នកសមគំនិត និងជាមេក្លោង) ត្រូវបានឃាត់ខ្លួនបន្ទាប់។
បន្ទាប់ពីចាប់ខ្លួន កម្លាំងនគរបាលបានដកហូតបាន
*ទូរសព្ទ័ម៉ាក IPhone 7Plus ពណ៌ខ្មៅ មួយគ្រឿង
*ទូរសព្ទ័ម៉ាក Samsung Note8 មួយគ្រឿង។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្តឹងរបស់សមាជិកគ្រួសារជនរងគ្រោះ ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិតវិធីច្បាប់៕