(ព្រះវិហារ)៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ និងជាមេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានជំរុញឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញអន្តរាគមន៍ពិសេស ត្រូវខិតខំហ្វឹកហាត់ជំនាញផ្សេងៗ ដែលបានណែនាំ និងបង្ហាត់ផ្ទាល់ដោយគ្រូយោធាចារ្យ និយាយរួម ត្រូវប្រកាន់យកទ្រឹស្តីមួយគឺ «ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាមលើសមូរភូមិ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ខ្លាំងៗថា «ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ ដែលមានតួនាទីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ជាចំបងយើងទាំងអស់គ្នា ត្រូវមានចំណេះវិជ្ជានៅក្នុងខ្លួន ទាំងចំណេះវិជ្ជាទូទៅ ចំណេះវិជ្ជាជំនាញផ្សេងៗ របស់កងកម្លាំងប្រដាប់អាវុធ ដែលចំណុចនេះ យើងទាំងអស់គ្នាត្រូវនាំគ្នាហ្វឹកហ្វឺនទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តែងយកចិត្តទុកដាក់ធ្វើការជំរុញឲ្យ នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងត្រូវខិតខំហ្វឹកហ្វឺនយុទ្ធវិធីផ្សេងៗ ដើម្បីយកប្រៀបលើវិសយ័ការពារជាតិ តាមរយៈបំប៉នចំណេះដឹងដល់នាយ នាយរង និងពលទាហានយើង ដោយក្នុងនោះ មានវគ្គបំប៉នក្នុងប្រទេស និងវគ្គបំប៉នក្រៅប្រទេសជាដើម»។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោកមេបញ្ជាការ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់នាយ នាយរង និងពលទាហានតំបន់ប្រតិបត្តិការសឹករង ព្រះវិហារ ដែលកំពុងហ្វឹកហ្វឺនបំប៉នជំនាញពិសេសអន្តរាគមន៍ នៅទីបញ្ជាការវរសេនាតូចលេខ១មហាផល កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ។
ក្នុងឱកាសនោះដែរ ជាការលើកទឹកចិត្តដល់នាយ នាយរង និងពលទាហានដែលកំពុងហ្វឹកហ្វឺន លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ យកទៅប្រគល់ជូនផងដែរ៕