(ភ្នំពេញ)៖ លោក ញ៉ក់ គឹមតុង ដែលធ្លាប់បានចោទប្រកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា ជាអ្នករំលោភយកដីរបស់ខ្លួននោះ បានចេញមុខសុំទោសលោកទេសរដ្ឋមន្ត្រីជាសាធារណៈ និងបានគូសបញ្ជាក់ថា ការចោទប្រកាន់នោះគ្រាន់តែជាការភ័ន្តច្រឡំប៉ុណ្ណោះ។
នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ លោក ញ៉ក់ គឹមតុង បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ដីស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ គឺជាដីរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានគ្រប់គ្រងទៅតាមច្បាប់ ហើយការដែលលោកបានចេញមកចោទប្រកាន់ប៉ុន្មានថ្ងៃមុននោះ មានការភ័ន្តច្រឡំមួយចំនួនទៅលើឯកសារ។
លោក ញ៉ក់ គឹមតុង ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផងដែរ ចំពោះការចោទប្រកាន់របស់លោកនាំឲ្យប៉ះពាល់ដល់កិត្តិយស និងភាពស្អាតស្អំរបស់លោកទេសរដ្ឋមន្ត្រី។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ លោក ញ៉ក់ គឹមតុង បានផ្តល់ព័ត៌មាននៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយចោទប្រកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា រំលោភយកដីរបស់ខ្លួននៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ តែការចោទប្រកាន់នេះ ក៏ត្រូវបានអភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានចេញមកច្រានចោល។
លោក យន្ត មីន បានបន្ថែមថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានឯកសារគ្រប់គ្រាន់ក្នុងការកាន់កាប់ដីខាងលើនេះ។ លោក យន្ត មីន ក៏បានឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សាងសង់សំណង់រំលោភឆ្នេរសមុទ្រផងដែរ។
លោកអភិបាលខេត្តព្រះសីហនុ បានអះអាងថា ព្រោះតែគោលការណ៍របស់គណៈកម្មការឆ្នេរសមុទ្រត្រូវការរៀបចំឆ្នេរឲ្យស្អាតបម្រើជាប្រយោជន៍ដល់សាធារណជន ទើបគណៈកម្មការឆ្នេរស្នើឲ្យលោកទេសរដ្ឋមន្ត្រី ជួយចាក់ខ្សាច់រៀបចំឆ្នេរឲ្យបានស្អាតនៅតំបន់ឲ្យប្រជាពលរដ្ឋអាចដើរលេងកម្សាន្តបាន។
«ការចាក់ឆ្នេរនេះ គឺមានការទទួលស្គាល់ និងអនុញ្ញាតពីគណៈកម្មការគ្រប់គ្រងឆ្នេរ ដើម្បីជួយកែលំអរឆ្នេរជាប្រយោជន៍សាធារណៈ ព្រោះកន្លែងនោះអត់មានឆ្នេរទេ»។ លោកអភិបាលខេត្តបញ្ជាក់បន្ថែម៕