Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅសង្កាត់ទួលសង្កែ២ ជាង១០០គ្រួសារ ទទួលបានសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដើម្បីយកទៅប្រើប្រាស់ពីអភិបាលខណ្ឌឫស្សីកែវ

04-05-2018 16:17

(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន១១៦គ្រួសារទៀតហើយ រស់នៅក្នុងភូមិទួលថ្ងាន់ ដែលទើបបំបែកចេញពីភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅក្នុងពិធីបើកយុទ្ធនាការចុះបញ្ជីទាំងផ្តល់ និងផ្លាស់ប្ដូរ។

លោក ជា ពិសី បានថ្លែងថា ចំពោះប្រជាពលរដ្ឋដែលពុំទាន់មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ អាចមកទំនាក់ទំនងធ្វើបាន តាមមណ្ឌលរស់នៅរៀងៗខ្លួន ដែលមានមន្ត្រីនគរបាលមូលដ្ឋាន រង់ចាំទទួលស្វាគមន៍ ដើម្បីបំពេញបែបបទនិតិវិធីធ្វើជូន ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ក្រោយបំពេញបែបបទនិតិវិធីរួចរាល់ មិនយូរទេ ប្រាកដជាទទួលបាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណមកប្រើប្រាស់មិនខានឡើយ។

បន្ថែមពីនេះ លោក ជា ពិសី បានថ្លែងទៀតថា សម្រាប់អាជ្ញាធរសង្កាត់ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជី សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ហើយអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា នៅពេលខាងមុខ ក្នុងឆ្នាំ២០១៨៕