(ភ្នំពេញ)៖ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានពេលឈប់សម្រាប់រយៈពេលខ្លីរកកន្លែងលំហែកាយ កូនខ្មែរមួយរូប បានចំណាយទុនរាប់លានដុល្លារ បង្កើតរមណីយដ្ឋាន «ភូមិផ្កាត្រកួន» ឡើង ដែលមានទីតាំងស្ថិត នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលមិនឆ្ងាយប៉ុន្មាន ពីទីក្រុងភ្នំពេញ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិត្រកួតឲ្យដឹងថា «ការបង្កើតគម្រោងភូមិផ្កាត្រកួននេះ ក្នុងន័យដើម្បីផ្ដល់កន្លែងលេងកំសាន្ដ សម្រាប់លំហែអារម្មណ៍បែបធម្មជាតិមួយ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ និងអន្ដរជាតិ ដែលមានទីតាំងជិតនឹងទីក្រុងភ្នំពេញ ងាយស្រួលធ្វើដំណើរ ដោយមិនខាតពេលវេលា»។
លោកបានថ្លែងទៀតថា ភូមិផ្កាត្រកួន មិនត្រឹមតែមានកន្លែងកំសាន្ដប៉ុណ្ណោះទេ តែក៏មានផ្សារលក់បន្លែងធម្មជាតិ, ព្រមទាំងគ្រឿងសិល្បៈជាច្រើនមុខ, កន្លែងសម្រាប់ក្មេងលេង, សួនសត្វខ្នាតតូច, កន្លែងសម្រាប់រៀបអាពាហ៍ពិពាហ៍ និងកន្លែងប្រជុំជាដើម។ ភូមិផ្កាត្រកួននេះសាងសង់ឡើងលើផ្ទៃដី១៥ហិកតា និងបានចំណាយទុនខ្ទង់លានដុល្លារ។
លោកបានបន្ថែមទៀតថា ភូមិផ្កាត្រកួននេះ នឹងក្លាយទៅជាកន្លែងកំសាន្ដបែបធម្មជាតិមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈវប្បធម៌, ប្រពៃណី និងធម្មជាតិពិតៗ។
លោកថា «ខ្ញុំជឿជាក់ថាគម្រោងនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនផងដែរ ហើយគ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំ២០១៨នេះ»៕