(ភ្នំពេញ)៖ កងកម្លាំងការពារសន្តិសុខ នៃអង្គការសហប្រជាជាតិចំនួន២នាក់ ដែលជាជនជាតិជប៉ុន បានពលីជីវិតក្នុងពេលបំពេញបេសកកម្មការពារសន្តិសុខ នៅប្រទេសកម្ពុជា កាលពីសម័យអ៊ុនតាក់ (១៩៩០-១៩៩៣) ក្នុងនោះមានម្នាក់ បានស្លាប់នៅខេត្តឧត្តរមានជ័យ និងម្នាក់ទៀតបានស្លាប់នៅខេត្តកំពង់ធំ នៅក្នុងអំឡុងឆ្នាំ១៩៩៣ ដែលគិតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំហើយ។
ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធទាហានទាំងពីរនេះ ទើបនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថានទូតជប៉ុនបានរៀបចំ ពិធីរំឭកខួប២៥ឆ្នាំ សម្រាប់ លោក ហារឹយូគី តាកាតា អតីតមន្ត្រីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់ ហើយបានទទួលមរណភាព អំឡុងពេលបំពេញបេសកកម្ម នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣។ ពិធីនេះបានរៀបចំឡើង នៅវត្តតាំងកសាងខាងត្បួង ស្ថិតនៅភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ រួមទាំងតំណាងរាជរដ្ឋាភិបាលនៅកម្ពុជា និងតំណាងសមាគមន៍ជនជាតិជប៉ុននៅកម្ពុជាជាច្រើនរូបផងដែរ។
លោកហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានលើកឡើងថា ថ្ងៃនេះយើងជួយជុំគ្នានៅទីនេះ ដើម្បីរៀបចំពិធីរំលឹកខួប២៥ឆ្នាំ សម្រាប់លោក Haruyuki TAKATA អតីតមន្ត្រីប៉ូលីសជប៉ុន។ ខណៈពេលដែលយើងកំពុងឈរនៅស្តូប ដែលត្រូវបានកសា ឡើងជាកិត្តិយស ចំពោះរូបលោក យើងមានសេចក្តីរំជួលចិត្តយ៉ាងក្រៃលែង។ លោក TAKATA បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ចំពោះភារកិច្ចរបស់ខ្លួនជាប៉ូលីសស៊ីវិល UNTAC នៅប្រទេសកម្ពុជា ដែលកត់សំគាល់នូវការចូលរួមជាលើដំបូង របស់ប្រទេសជប៉ុនក្នុង PKO ។ សោកនាដកម្មនេះ បានកើតឡើងកាលពី ២៥ឆ្នាំមុន នៅថ្ងៃទី៤ ខែ ឧសភា ឆ្នាំ១៩៩៣ លោក TAKATA ត្រូវបានវាយប្រហារជាមួយ សហការីរបស់លោក ហើយត្រូវបានសម្លាប់ យ៉ាងគួរឲ្យសោកស្តាយ ខណៈដែលលោកកំពុងតែ បំពេញបេសកកម្ម នៅភូមិអំពិល ខេត្តឧត្តរមានជ័យ»។
លោកក៏បានបញ្ជាក់ទៀតថា ដោយពិចារណាលើឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់លោក TAKATA ស្ថានទូតជប៉ុន បានតាំងចិត្ត ខិតខំប្រឹងប្រែងពង្រឹងចំណងទាក់ទង រវាងប្រទេសជប៉ុន និងកម្ពុជា ដែលបានស្តារឡើងវិញនូវស្ថិរភាព និងបន្តអភិវឌ្ឍយ៉ាងរឹងមាំ រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឲ្យបានរឹងមាំផងដែរ។
លោក ជុំ សុន្ទរី ក៏បានលើកឡើងដែរថា តាំងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រសួងការបរទេស និសហប្រតិបត្តិការ អន្តរជាតិ សូមសម្តែងនូវការគោរពដ៏ជ្រាវជ្រៅ ចំពោះវិញ្ញាណក្ខ័ន្ធរបស់លោក Haruyuki TAKATA ដែលបានបាត់បង់ជីវិត នៅខេត្តបន្ទាយមានជ័យ និងលោក Atsuhito Nakata ដែលបានបាត់បង់ជីវិត នៅខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ នៅក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ក្រោមឆ័ត្រអាជ្ញាធរអង្គការសហប្រជាជាតិ បណ្តោះអាសន្ននៅកម្ពុជា(UNTAC)។
លោកក៏បានបន្ថែមទៀតថា តាំងពីដើមទសវត្សឆ្នាំ១៩៩០ ប្រទេសជប៉ុន បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីជួយស្វះស្វែង រកសន្តិភាព គាំទ្រកាបង្រួបបង្រួមជាតិ និងបានទ្រទ្រង់ដល់ការស្តារ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់ មានការរីកចម្រើន ដូចសព្វថ្ងៃនេះ ហើយប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបាននូវគុណបការៈដ៏ថ្លៃថ្លា របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជារួមទាំងការធ្វើពលីកម្មជីវិតពលរដ្ឋជប៉ុនទាំងពីរខាងលើនេះ ។
គួររំលឹកដែរថាលោក ហារឹយូគី តាកាតា ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពរបស់អ៊ុនតាក់ នៅខែតុលា ឆ្នាំ១៩៩២ ក្នុងឋានៈជានគរបាលស៊ីវិល ជាលើកដំបូងបង្អស់ពីប្រទេសជប៉ុន ហើយបានបូជាជីវិត នៅពេលកំពុងបំពេញ បេសកកម្មរបស់ខ្លួន ក្រោយពីមានការវាយប្រហារមកលើក្បួនរថយន្តអ៊ុនតាក់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ ( បច្ចុប្បន្នខេត្តឧត្តរមានជ័យ) ដែលឋិតនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា៕