(ភ្នំពេញ)៖ គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ហើយបន្តរហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង បានសិក្សារួចហើយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានថវិកាសម្រាប់សាងសង់នោះឡើយ គឺរង់ចាំការវិនិយោគពីវិស័យឯកជន។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ពេលដាក់ដំណើរការសាកល្បងកំណាត់ផ្លូវដែកពីសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកកាន់ខេត្តបាត់ដំបងកាលពីចុងខែមេសា កន្លងទៅថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាមួយទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) បានសិក្សារួចហើយលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនទាំងពីរខ្សែនេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងទៀតថា មានក្រុមហ៊ុនរបស់ចិនមួយចំនួន ក៏បានចូលមកសិក្សាពីលទ្ធភាពវិនិយោគសាងសង់ផ្លូវរថភ្លើងល្បឿនលឿនេះផងដែរ។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ហើយក៏ស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងវិនិយោគលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនទាំងពីរ ដើម្បីធ្វើឲ្យការដឹកជញ្ជូននៅកម្ពុជាកាន់តែសម្បូរបែប និងល្អប្រសើរ។
សូមបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿនេះអាចរត់ក្នុងល្បឿនចន្លោះពីជាង ២០០គីឡូម៉ែត្រ ទៅទៅជាង ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រសិនបើកម្ពុជា អាចមានផ្លូវរថភ្លើងល្បឿនលឿននេះមែន ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ទៅក្រុងប៉ោយប៉ែត ឬ ពីភ្នំពេញ ទៅកាន់ក្រុងបាវិត នឹងចំណាយពេលតិចតួចបំផុត៕