(ព្រៃវែង)៖ គណៈកម្មការផលិតទូក-ង វែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារ បាននាំឈើគគីរចំនួន៣ដើមទៀតហើយ ពីខេត្តព្រះវិហារ មកដល់ទីតាំងផលិតទូកក្នុងខេត្តព្រៃវែង។
គណៈកម្មការផលិតទូក-ង បានបញ្ជាក់ទៀតថា ចំពោះដើមទី០១ មានប្រវែង ២២.៥ ម៉ែត្រ បានឈូសរំលីង និងលុងរួចហើយ។ ចំណែកដើមទី២ និងទី៣ មានប្រវែងស្មើគ្នា គឺ៣០ម៉ែត្រ មកដល់ទីតាំងផលិត នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះ ក៏មានក្រុមយុវជនស្ម័គ្រចិត្តជាច្រើននាក់ បានចូលរួមយ៉ាងច្រើនកុះករ ដោយជួយលើកទុកដាក់ និងបកសំបករំលីងផងដែរ។
ទន្ទឹមគ្នានេះ តំណាងរាស្ដ្រ ស សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងចាស់ ទាំងក្មេង ពិសេសយុវជន យុវនារី ចូលរួមបំបែកឯតទគ្គកម្មមួយនេះទាំងអស់គ្នា ឲ្យបានជោគជ័យ នៅមុខសាលាខេត្តព្រៃវែង (ចុងប៉ម) ស្របតាមពាក្យស្លោកថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ»។
បើតាមលោក ស សុខា គោលបំណងសំខាន់ៗ នៃការផលិតទូក-ង ដូចខាងក្រោម៖
* រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិត និងការប្រើប្រាស់ទូក របស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នារព្រះហស្ថ របស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយ ក្នុងការការពារទឹកដី
* ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឲ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ
* ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាព នៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា
* ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំងអាចផលិតបានអ្វី ដែលអស្ចារ្យជាងគេលើពិភពលោក
* ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើង ចេះសាមគ្គីគ្នារួបរួមគ្នាជាធ្លុងមួយតាមរយៈការកសាងទូក-ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ
* ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឲ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើឆាកអន្តរជាតិ ចៀសវាងការយកពេលវេលាមានតំលៃ ទៅសេពគ្រឿងញៀន គ្រឿងស្រវឹង បង្ហោះម៉ូតូ និងក្មេងទំនើងជាដើម។
លោកបណ្ឌិត ងិន បាណាល់ ដែលជាអនុប្រធានគណៈកម្មការផលិតទូក-ង វែងជាងគេលើពិភពលោក ដើម្បីបំបែកឯតទគ្គកម្ម បានឲ្យដឹងថា ទូក-ង វែងជាងគេ លើពិភពលោក ដែលកំពុងដំណើរការផលិត មានលក្ខណៈពិសេសមួយចំនួន រួមមាន៖
ទី១៖ ទូកនេះ ធ្វើប្រវែង៨៥ម៉ែត្រ ផ្ទុកចំណុះទូកសរុប១៧៩នាក់
ទី២៖ ទូកនេះ ធ្វើអំពីឈើគគីរ ដែលធននឹងទឹក ក្នុងនោះត្រូវប្រើឈើពី៦ដើម ដើម្បីផលិត, ចំណែកច្រវាទូកវិញ ធ្វើអំពីឈើស្រឡៅ ដែលមានទម្ងន់ស្រាល
ទី៣៖ ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ ឯកន្ទុយឆ្លាក់ជាកន្ទុយហង្ស ភ្ជាប់ដោយក្បាច់រចនាបុរាណរបស់ខ្មែរសុទ្ធសាត
ទី៤៖ ចំពោះសមាសភាពចំណុះទូកវិញ យកមកពីទាហានជើងទឹក១០០នាក់ នគរបាលជើងទឹក៨០នាក់ បូករួមកម្លាំងយុវជន និងប្រជាពលរដ្ឋស្ម័គ្រចិត្តមួយចំនួនទៀត សម្រាប់ត្រៀមបម្រុងផ្លាស់ប្ដូរដៃគ្នា៕