(សៀមរាប)៖ ដើម្បីជួយលើកកម្ពស់ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជនកម្ពុជា ដែលសុទ្ធសឹងជាអ្នកមានគុណបំណាច់សម្រាប់ជាតិមាតុភូមិនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចផ្ទាល់ធ្វើជាប្រធានសមាគមមួយនេះ។ ចាប់តាំងពីពេលកកើតឡើងមកដល់ពេលបច្ចុប្បន្នសមាគមអតីតយុទ្ធជន ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ និងជាអនុវត្តន៍ការងារផ្ទាល់នោះ បានចុះសកម្មភាពយ៉ាងសកម្ម ដោយបានដោះស្រាយយ៉ាងច្រើននូវបញ្ហារបស់អតីតយុទ្ធជន និងបានជួយលើកកម្ពស់ជីវភាពរបស់ពួកគេឲ្យកាន់តែប្រសើរផងដែរ។
នៅចំពោះមុខអតីតយុទ្ធជនត្រូវទទួលបានមេដាយការពារជាតិចំនួន ៥៤៦នាក់ មកពីតាឃុំទាំង១០ ក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប នាល្ងាចថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព,ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា រយៈពេលជិត៣ឆ្នាំនេះ សមាគមសម្រេចបានលទ្ធផលគួរកត់សម្គាល់ជាអាទិ៍ការបើកផ្តល់ប្រាក់មរណៈសង្រ្គោះ បានទាន់ពេលវេលា ដែលពីមុនមានការយឺតយ៉ាវ, ការគិតគូរសាងសង់ផ្ទះជូន អតីតយុទ្ធជនលំបាកខ្វះខាត, ការត្រៀមបែងចែកផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនដើម្បីបានអាស្រ័យផល, ការពង្រឹងការគ្រប់គ្រងសមាជិកនៅមូលដ្នាន ឃុំ ភូមិ, ជំរុញការរៀបចំសៀវភៅ បញ្ជីគ្រប់គ្រងឲ្យបានច្បាស់លាស់។ល។
«ដោយសម្តេចតេជោ ហ៊ុន សែន លោកមើលឃើញពីការលំបាករបស់សមាគមអតីតយុទ្ធជន យើងក្នុងរយៈកាលកន្លងមក ទើបសម្តេចប្រគល់ឲ្យកងកម្លាំងប្រដាប់អាវុធ ទទួលគ្រប់គ្រងវិញ អ៊ីចឹងហើយទើបយើងខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការកែលំអជីវភាពរស់នៅរបស់បងប្អូនយើង បង្កើនស្មារតី ជួយគ្នាទៅវិញទៅមក ក្នុងឋានៈជាសមាជិកសមាគម ពេលជួបគ្រោះថ្នាក់ មានទុក្ខលំបាក ឬ ទទួលមរណភាព ជាដើម»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។
នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាអ្នកអនុវត្តន៍ការងារជួយដល់អតីតយុទ្ធជនដោយផ្ទាល់នោះ គឺបានធ្វើដំណើរចុះទៅគ្រប់ទីកន្លែងដើម្បីស្វែងយល់ទុក្ខលំបាក និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជ។ ជាការកត់សម្គាល់រាល់ពេលដែលនាយឧត្តមសេនីយ គន់ គីម ចុះទៅគ្រប់ទីកន្លែងតែងបានក្រើនរំលឹកដល់លោកមេឃុំ ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិរដ្ឋបាលជាប្រធានសាខាសមាគមឃុំទាំងអស់ ត្រូវបន្តចុះជួបសមាជិក តាមក្រុម តាមគ្រួសារ ហើយត្រូវសហការផ្តល់អាទិភាព ជួយដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យទទួលបាននូវសេវាសាធារណៈនានា ដូចជាការទទួលបានជំនួយសង្រ្គោះបន្ទាន់, ការស្តារលទ្ធភាពពលកម្ម កាយសម្បទា, ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ និង ការចូលរួមសកម្មភាពសង្គមផ្សេងៗជាដើម។
ក្នុងពិធីបំពាក់មេដាយការពារជាតិនាថ្ងៃម្សិលមិញនេះ លោកស្រី គង់ ពៅ ត្រូវជាកូនគ្រួសារពលី របស់សពលោកយាយ ទួច តាយ នៅភូមិដំដែកផ្សារ ឃុំដំដែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជ ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់ជួយរៀបចំពិធីបុណ្យសពដោយមានលោកអភិបាលស្រុក ដែលជាប្រធានកិត្តិយស កងកម្លាំងទាំងបី មេឃុំ មេប៉ុស្តិ៍ នាំយកថវិកាមរណៈសង្គ្រោះ លិខិតរំលែកទុក្ខរបស់សមាគមមកជូន នឹងចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយមានការមកចូលរួមបុណ្យពីបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាក្នុងឃុំផងដែរ ធ្វើឲ្យពិធីបុណ្សប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ។
ដោយឡែកលោក ឡាយ រិន យោធិនពិការ រងរបស់នៅសមរភូមិអន្លង់វែង មានទីលំនៅភូមិពពេលកណ្តាល ឃុំពពេលស្រុកសូត្រនិគម ជំនួសមុខឲ្យសមាជិក អតីតយុទ្ធជន ដែលមកចូលរួមក្នុងពិធីនេះបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ដែលតែងតែគិតគូរ ដល់ជីវភាព និងសុខភាពរបស់អតីតយុទ្ធជន ហើយពេលនេះត្រូវបានសម្តេចនាយករដ្ឋមន្ត្រីទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទានមេដាយជូនពួកគាត់ទៀត។
បងប្អូនអតីតយុទ្ធជនបានសម្តែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំអតីតយុទ្ធជន នឹងសន្យាបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត៕