(ភ្នំពេញ)៖ លោកស្រី Pauline Tamesis តំណាងរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួលរបស់ អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានទទួលស្គាល់ថា បញ្ហាគ្រាប់មីននៅកម្ពុជា ពិតជាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
ដំណើរចុះស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រី Pauline Tamesis បានប្តជ្ញាថា លោកស្រី នឹងខិតខំស្វែងរកជំនួយ ជាពិសេសជំរុញឲ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតបវិញ ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបដល់លោកស្រី Pauline Tamesis អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ក្នុងនាមជារដ្ឋភាគីផង និងដើម្បីប្រជាពលរដ្ឋកម្ពុជាតែម្តង។
ជាមួយគ្នានេះផងដែរ ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឲ្យប្រតិបត្តិករទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានមានប្រសិទ្ធភាពថែមទៀត នៅក្នុងតំបន់ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដើម្បីកុំឲ្យមានប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយសារមីន/គ្រាប់ ថែមទៀត ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ លើតំបន់គោលដៅដែលមានគ្រោះថ្នាក់ខ្ពស់ និងក្មេងតូចៗដែលរស់នៅតំបន់ទាំងនោះ។
ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី Pauline Tamesis និងសហការី ដែលបានចំណាយពេលដ៏មានតម្លៃ ចុះស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់លោកស្រី ក្នុងការជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា៕