(ភ្នំពេញ)៖ ការចេញផ្សាយព័ត៌មានថ្មីៗ ដោយអង្គការសហប្រជាជាតិស្តីពីលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ត្រូវបានដកស្រង់យ៉ាងទូលំទូលាយ និងទាំងស្រុងនូវសម្តីរបស់ អ្នករាយការណ៍ ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Rhona Smith ដែលគួរតែមានភាពអាព្យាក្រិត បានបញ្ចេញទស្សនៈ លម្អៀងមកលើកម្ពុជា។ ទស្សនៈរបស់លោកស្រី គឺអយុត្តិធម៌ទាំងស្រុងចំពោះប្រជាជនកម្ពុជា ហើយទស្សនៈទាំងនោះបានបំប្លែងយ៉ាងធ្ងន់ធ្ងរនូវគំនិតពហុនិយមនៃប្រជាធិបតេយ្យ ដែលនៅរស់រាន និងកំពុងតែរីកចម្រើននៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត លោកស្រីបានរំលោភបំពានលើគោលការណ៍ដែលបានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការគោរព «សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការសម្រេចចិត្តដោយខ្លួនឯង»។
ការយល់ដឹងរបស់លោកស្រី Rhona Smith អំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានៅមានកម្រិត និងតិចតួចចង្អៀតចង្អល់។ ទស្សនៈរបស់លោកស្រី គឺជាទូទៅស្របទៅតាមទស្សនៈរបស់គណបក្សសង្គ្រោះជាតិដែលនៅក្រៅច្បាប់។ លោកស្រី ត្រូវបានគេបង្ហាញឲ្យឃើញថា មានភាពលម្អៀងខាងនយោបាយទៅរក គណបក្សសង្គ្រោះជាតិ។ លោកស្រីត្រូវតែយល់ដឹងយ៉ាងហោចណាស់អំពីមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងនីតិរដ្ឋ សន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គម។
រដ្ឋាភិបាលកម្ពុជាបានពន្យល់ជាច្រើនដង អំពីមូលដ្ឋានច្បាប់នៃការរំលាយគណបក្សសង្គ្រោះជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Rhona Smith មិនអើពើចំពោះការពិត និងការពន្យល់ដោយរដ្ឋាភិបាលឡើយ។ រដ្ឋធម្មនុញ្ញកម្ពុជាចែងយ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវប្រព័ន្ធនយោបាយសេរី និងពហុបក្ស គឺមានន័យថា រាល់គណបក្សនយោបាយទាំងអស់មានសិទ្ធិចូលរួមនៅក្នុងនយោបាយដោយសេរី។ យើងគួរឲ្យតម្លៃនិងគោរពរដ្ឋធម្មនុញ្ញកម្ពុជា ដែលស្ថិតក្នុងចំណោមរដ្ឋធម្មនុញ្ញដែលសេរី និងប្រជាធិបតេយ្យជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាអាចជាពន្លឺនាំមុខនៃប្រជាធិបតេយ្យនៅក្នុងតំបន់មេគង្គ។
ដើម្បីស្វែងយល់អំពីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសណាមួយ យើងត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គមនៃប្រទេសនោះ។ លទ្ធិប្រជាធិបតេយ្យមិនមែនធ្លាក់មកពីលើមេឃ នោះទេ។ វាជាដំណើរការនៃការចូលរួមយ៉ាងមានប្រសិទ្ធភាពរបស់ប្រជាជន។ លោកស្រី Rhona Smith បំភ្លេចចោលប្រវត្តិសាស្រ្ត និងប្រព័ន្ធសង្គមដ៏ស្មុគស្មាញរបស់ប្រទេសកម្ពុជា នៅពេលវាយតម្លៃអំពីការវិវត្តន៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទស្សនៈរបស់លោកស្រីចំពោះរបបខ្មែរក្រហម ហាក់បីដូចជាឆ្លុះបញ្ចាំងអំពីនយោបាយនៃសង្រ្គាមត្រជាក់ ដោយមិនបានពិចារណាអំពីកត្តាខាងក្នុង ដូចជាការដណ្តើមអំណាច និងការដណ្តើមទាស់ទែងគ្នារវាងភាគី នយោបាយផ្សេងៗគ្នា។ ប្រទេសកម្ពុជាគឺជាជនរងគ្រោះនៃសង្គ្រាមត្រជាក់ ដោយសារភាគីនយោបាយខ្លះបានអញ្ជើញប្រទេសមហាអំណាចសំខាន់ៗ ឲ្យមកជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា។ ឥលូវនេះនៅក្រោមការដឹកនាំដ៏រឹងមាំ និងប្រកបដោយការទទួលខុសត្រូវរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាកំពុងរីករាយនឹងសន្តិភាព និងវិបុលភាព។ ការគំរាមកំហែងដល់ការបំបែកបំបាក់ជាតិ និងអស្ថិរភាព ត្រូវបានលុបចោលស្ទើរតែទាំងស្រុង។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញារក្សានូវសន្តិភាព និងស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ។
វឌ្ឍនភាពជាច្រើនបានកើតមានឡើង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Rhona Smith មិនព្រមទទួលស្គាល់ការវិវត្តន៍ ជាវិជ្ជមានទំាងនោះទេ។ ការរំលាយគណបក្សសង្គ្រោះជាតិគឺជាការអនុវត្តនីតិរដ្ឋ។ បើគ្មានការធ្វើអន្តរាគមន៍ទាន់ពេលវេលាទេ ប្រទេសកម្ពុជាប្រហែលជាអាចធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថិរភាព។ រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យកម្លាំងនយោបាយណាមួយប្រើប្រាស់រនាំងប្រជាធិបតេយ្យដើម្បីបំផ្លិចបំផ្លាញសន្តិភាព និងស្ថិរភាពដែលបានមកដោយលំបាកនៅក្នុងប្រទេសឡើយ។
ដោយលើកឡើងម្តងហើយម្តងទៀត ពីការបើកឲ្យដំណើរការឡើងវិញនូវគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលកម្ពុជា លោកស្រី Rhona Smith លើកឡើងថាគ្មានគណបក្សណាផ្សេងទៀត អាចជំនួសឲ្យគណបក្សសង្គ្រោះជាតិបានទេ ហើយប្រហែលជាគ្មានអ្នកនយោបាយណាមួយដែលអាចជំនួសលោក កឹម សុខា ដែលជាអ្នករួមគំនិតក្បត់ ដែលកំពុងជាប់ពន្ធនាគារ និងលោក សម រង្ស៊ី ដែលជាអ្នកចាញ់ហើយចាញ់ទៀតខាងនយោបាយ ដែលតែងតែរហ័សរហួនក្នុងការរត់គេចខ្លួន ទៅស្នាក់អាស្រ័យនៅប្រទេសបារាំង រាល់ពេលដែលស្ថានភាពមានភាពតានតឹងឡើង។ ប្រទេសកម្ពុជាបាននឹងកំពុងដឹកនាំដោយអ្នកនយោបាយដ៏ម៉ឺងម៉ាត់ ដែលនៅរួមរស់ជាមួយប្រជាជន ប្រយុទ្ធប្រឆាំងដើម្បីប្រជាជន និងប្រថុយជីវិតរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកនូវវិថីមួយដឹកនាំប្រជាជនឲ្យឆ្ពោះទៅកាន់សន្តិភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងទទួលបានជាប្រទេសមួយដូចសព្វថ្ងៃនេះ។
ប្រជាជនកម្ពុជាបានប្តេជ្ញាចិត្តដើរតាមមាគ៌ានៃលទ្ធិប្រជាធិបតេយ្យពហុបក្ស តែមិនមែនប្រជាធិបតេយ្យតាមបែបគណបក្សសង្គ្រោះជាតិនោះទេ។ លោកស្រី Rhona Smith គឺជាអ្នកសង្កេតការណ៍ ដែលគ្មានបទពិសោធន៍ ផ្ទាល់ខ្លួននៅក្នុងការអនុវត្ត និងមិនមែនជាអ្នកវិនិច្ឆ័យថា វិថីនៃលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាត្រូវដើរបែបណានោះទេ។ យើងមិនគួរយល់ច្រឡំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាមួយនឹងដោយការជ្រៀតជ្រែក ការអភ័យទោសចំពោះអំពើព្រហ្មទណ្ឌ និងការធ្វើអត្ថាធិប្បាយជាសាធារណៈឲ្យខ្លួន ជាប់ទោសដោយខ្លួនឯង និងការគេចខ្លួនចេញនោះទេ។ ប្រជាជនកម្ពុជាមានមោទនភាពចំពោះប្រវត្តិសាស្រ្តរបស់ខ្លួន ទោះជាភាពរុងរឿងក្តី ឬជា ភាពងងឹតក្តី។ ប្រជាជនកម្ពុជាទទួលយកភាពអស្ចារ្យ និងរៀនពីមេរៀននៃបទពិសោធន៍នៃភាពងងឹត។ ប៉ុន្តែប្រជាជនចង់បានការសម្រេចចិត្តដោយខ្លួនឯង និងការវិនិច្ឆ័យប្រកបដោយ យុត្តិធម៌លើបញ្ហានយោបាយ មិនមែនចង់បាន លោកស្រី Rhona Smith នោះទេ៕
ដោយ៖ សួស យ៉ារ៉ា សមាជិកសភា