(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើប្រាស់គ្រប់លទ្ធភាព និងមធ្យោបាយ ដើម្បីធ្វើយ៉ាងណាដោះស្រាយឲ្យបានលើការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅតំបន់ស្ទឹងមានជ័យ ខណៈដែលកន្លងមកនេះឲ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ តំបន់នេះតែងទទួលរងការលិចលង់បង្កការលំបាកដល់ប្រជាពលរដ្ឋ។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តែងបានយកចិត្តទុកដាក់ ដោយបានកោះហៅអាជ្ញាធរ និងមន្ត្រីជំនាញមកប្រជុំ រកដំណោះស្រាយកាលពីចុងខែមេសា កន្លងមកនេះ ហើយដើម្បីឲ្យបានឃើញច្បាស់នឹងភ្នែក និងដាក់ផែនការឲ្យចំគោលដៅ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ លោក ឃួង ស្រេង ក៏បានដឹកនាំមន្រ្តីបច្ចេកទេស ក្រោមឱវាទរដ្ឋបាលរាជធានី ចុះពិនិត្យដំណើរការគម្រោងសាងសង់ ជញ្ជាំងបេតុងប្រឡាយ ស្ទឹងមានជ័យចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ដល់ទ្វារទឹកប្រឡាយដើមស្លែងផ្លូវលេខ៣៧១ និងពិនិត្យប្រព័ន្ធប្រឡាយលូក្នុងភូមិសាស្ត្រតំបន់សឡា, ភូមិសាស្ត្រតំបន់ទីលានសំរាមស្ទឹងមានជ័យ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដឹកនាំមន្រ្តីបច្ចេកទេស ក្រោមឱវាទរដ្ឋបាលរាជធានី ចុះពិនិត្យដំណើរការគម្រោង សាងសង់ប្រឡាយស្ទឹងមានជ័យ និងតំបន់មួយចំនួននៅក្នុងខណ្ឌមានជ័យ របស់លោក ឃួង ស្រេង គឺដើម្បីឲ្យដឹងពីវឌ្ឍនៈភាព នៃការដ្ឋានសាងសង់ ជញ្ជាំងបេតុងប្រឡាយ ស្ទឹងមានជ័យ ជំហានទី១នេះ បានឈានដល់ណាហើយ។
លោកបញ្ជាក់ថា ជំហានទី១នេះ គ្រោងនឹងបញ្ចប់នៅក្នុង ខែតុលា ឆ្នាំ២០១៨ ហើយនៅក្នុងខែតុលានោះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់ដីកម្មសិទ្ធិ ជូនប្រជាណលរដ្ឋជាង១០០គ្រួសារ មុននឹងបន្តទៅជំហានទី២ និងទី៣បន្តទៀត។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បន្ថែមថា ប្រឡាយស្ទឹងមានជ័យ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ ព្រលានយន្តហោះផ្នែកខាងត្បូង និងខាងកើតផ្លូវ២០០៤ ផ្លូវ២០០២ និងតំបន់ប្រមូលទឹក នៅស្ទឹងមានជ័យ ដោយបង្ហូរទម្លាក់ទៅតាមប្រឡាយមេស្ទឹងមានជ័យ ឆ្ពោះទៅស្ថានីយបូម ទឹកបឹងទំពុន។
ក្រោយពីបញ្ចប់ការពិនិត្យមើលការដ្ឋានសាងសង់ប្រឡាយស្ទឹងមានជ័យហើយនោះ លោក ឃួង ស្រេង បានបន្តដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញចុះ មើលស្ថានភាពប្រឡាយបង្ហូរទឹកស្អុយនានា នៅក្នុងភូមិទ្រា១ ទ្រា២ ទ្រា៣ ក្នុងខណ្ឌមានជ័យបន្តទៀតផងដែរ ដើម្បីរកមធ្យោបាយឆ្លើយតបនឹង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់កន្លងមក។
ប្រព័ន្ធប្រឡាយបង្ហូរទឹកមួយចំនួនដូចជា នៅតំបន់សឡា ត្រង់ចំណុចកដប ផ្លូវ៣៧១ ប្រសបគ្នាប្រឡាយដើមស្លែង និងស្ទឹងមានជ័យ កាលពីឆ្នាំកន្លងទៅ នៅតំបន់នេះមានការលិចលង់ ដោយសារប្រព័ន្ធបង្ហូរទឹកតូច និងផ្នែកខាងក្រោមមានសំរាមកកស្ទះ បើទោះជាអាជ្ញាធរបានកាយប្រឡាយស្ទឹងមានជ័យ ហើយក៏ដោយ ដូច្នេះហើយទើបអាជ្ញាធររាជធានីភ្នំពេញ ចុះមកពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីដាក់ចេញជាវិធានការដោះស្រាយឲ្យចំគោលដៅតែម្តង។
ពាក់ព័ន្ធនឹងការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ ដំណាក់កាលទី១ មកដល់ពេលនេះ ឈានដល់ចាក់បេតុងស៊ីផាយ បានជាង៩០ភាគរយហើយ។ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយទទឹង៨ម៉ែត្រ។ គម្រោងនេះបានបែងចែកជា ៤ដំណាក់កាល ដោយដំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុប ប្រវែង៦៥២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះ ក្រុមការងារបានសម្រុកការងារ របស់ខ្លួនបានជាង៩០ភាគរយហើយ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រុមការងារ ក៏បានចាក់បានចំនួន៩៥ភាគរយហើយដែរ។ ចំណែកការកាយភក់ចេញពីបាតប្រឡាយ អនុវត្តការងារសម្រេច បាន១០០ភាគរយហើយ។
គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការអភិវឌ្ឍនេះ មានប្រវែង១៤៩៨ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅរងផលប៉ះពាល់ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅកន្លែងតែម្តង។ ប្រឡាយស្ទឹងមានជ័យ នឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយ ដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រ ជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត៕