(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយទោ ឯម កុសល បានបញ្ជាកម្លាំងនគរបាលជំនាញក្នុងមូលដ្ឋានរបស់លោក ត្រូវពង្រឹងការងារ ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ការថ្លែងបែបនេះ របស់លោកស្នងការត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម និងលទ្ធផលការអនុវត្តការងារនគរបាល និងសហគមន៍ ប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះ មានការចូលរួមមានចាប់ពីគណៈស្នងការ ដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបចំនួន២៨២នាក់។
ក្នុងនោះដែរ លោកស្នងការ បានរៀបចំឲ្យមានការឡើងធ្វើបទអន្តរាគមន៍ រួមមាន នាយប៉ុស្តិ៍រដ្ឋបាល៤នាក់, អធិការរង៣នាក់ និងលោកស្នងការរង២នាក់ (ផែនសណ្តាប់ធ្នាប់, ផែនប្រឆាំងបទល្មើស) លើកបទពិសោធន៍ បញ្ហាប្រឈមសំណូមពរ និងផែនការអនុវត្តបន្តជូនអង្គប្រជុំ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់ទៅអធិការស្រុក-ក្រុង និងប៉ុស្ត៍រដ្ឋបាលឲ្យយកចិត្តទុកដាក់ការងារអតីតយុទ្ធជន, រៀបចំផែនការ ការពារដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ខាងមុខនេះ, ការងារព្រហ្មទណ្ឌ, ប្រឆាំងបទល្មើស និងការងារការពារសន្តិសុខ សុវត្ថិភាព ជនបរទេស និងការចាំបាច់មួយចំនួនទៀត៕