(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រើកណ្ដាប់ដៃដែកដោយបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ ចាប់រថយន្ដដែលកំពុងបើកបរដោយល្មើសច្បាប់លើដងផ្លូវសាធារណៈ ពិសេសបើកបរដោយជនជាតិចិន ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ ដោយឃាត់បានរថយន្ដ១៤គ្រឿង។
ប្រតិបត្តិការចុះអនុវត្តច្បាប់ចរាចរណ៍ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងផែនសណ្តាប់ធ្នាប់ បានឲ្យលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងចំនួន២០នាក់ ដើម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាពិសេស អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ មានគោលដៅ ចំនួន០២គោលដៅ គឺលើផ្លូវវិថី២ធ្នូ ត្រង់ណុច ជិតសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៤ និងលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច ស្តុបកាល់តិច ស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនៅថ្ងៃនេះ កម្លាំងជំនាញឃាត់រថយន្តបាន ចំនួន១៤គ្រឿង ដែលរថយន្តទាំងអស់ បើកបរដោយជនជាតិចិន គ្មានបណ្ណបើកបរ និងមានបណ្ណបើកបរមិនត្រឹមត្រូវតាមច្បាប់កំណត់។
បើតាមលោកស្នងការ រថយន្ដទាំង១៤គ្រឿងខាងលើនេះ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាបណ្ដោះអាសន្នដើម្បីចាត់ការបន្ដតាមនីតិវិធី៕