(សៀមរាប)៖ កម្លាំងនគរបាល បានបំបែកសំណុំរឿងឃាតកម្មសម្លាប់បុរសម្នាក់ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ដ យកទ្រព្យសម្បត្តិនៅភូមិគ្រូស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយឃាត់ខ្លួនក្រុមជនដៃដល់បានជាបន្ដបន្ទាប់ចំនួន៣នាក់ និងដកហូតបានវត្ថុតាងបានមួយចំនួន។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបំបែកសំណុំរឿងព្រហ្មទណ្ឌមួយនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សហការរវាងជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ, កម្លាំងនគរបាលក្រុង, កម្លាំងនគរនបាលខេត្តសៀមរាប, កម្លាំងនគរបាលទទួលផែនសន្តិសុខ និងកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកទេសខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការជាបន្ដបន្ទាប់នេះ គឺនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធឿន ធីតា ហៅស៊ុក ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ។
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ សយ ឡុន ហៅជ្រូក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក (ជាជនដៃដល់) និងបន្ដឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ឈ្មោះ អ៊ុន ប៉ូឡូញ ហៅ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប។
លោកស្នងការបន្ថែមថា ក្រោយប្រតិបត្តិការកម្លាំងជំនាញដកហូតបាន ទូរស័ព្ទម៉ាក iPhone 7Plus ពណ៍ខ្មៅ មួយគ្រឿង និងទូរស័ព្ទម៉ាក Samsung Note8 មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។
សូមជម្រាបថា ករណីឃាតកម្មនេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លើជនរងគ្រោះ ឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់រថយន្ត មានទីលំនៅខាងក្រោយគោកធ្លក ភូមិគ្រួស សង្កាត់ស្វាយដង្គំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិ រួមមាន ខ្សែករមាស មានបណ្តោងយុត្តការ ទម្ងន់បីតម្លឹងពីរជី, ចិញ្ចៀនពេជ្រ មួយវង់, ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាក iPhone 7Plus ពណ៍ខ្មៅ និងម៉ាក Samsung Note8 ពណ៍ខ្មៅ) iPad ចំនួន០១គ្រឿង៕