(ភ្នំពេញ)៖ រោងចក្រថ្មីចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ បើកដំណើរការនៅកម្ពុជា ដែលសរុបទុនវិនិយោគជិត២០លានដុល្លារ បង្កើតការងារជាង១ពាន់កន្លែង។
គេហទំព័រ Facebook ផ្លូវការរបស់ CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន MASSFLAME ENERGY (CAMBODIA) CO., LTD.: គម្រោងបង្កើតរោងចក្រផលិតជីវម៉ាសឥន្ធនៈ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០១កន្លែង។
២៖ ក្រុមហ៊ុន HIRO-TECH PRODUCT (CAMBODIA) CO., LTD.: គម្រោងបង្កើតរោងចក្រផលិតប្រអប់ផ្លាស្ទិកគ្រប់ប្រភេទ និងបង្គុំសម្ភារៈបរិក្ខារអេឡិចត្រូនិក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ខេត្តបន្ទាយមានជ័យ, មានទុនវិនិយោគប្រមាណ ៣.៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧២កន្លែង។
៣៖ ក្រុមហ៊ុន HAITIAN BEVERAGE (CAMBODIA) CO., LTD.: គម្រោងបង្កើតរោងចក្រផលិតទឹកពិសាបរិសុទ្ធ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។
៤៖ ក្រុមហ៊ុន SVF FIT (CAMBODIA) CO., LTD.: គម្រោងបង្កើតរោងចក្រផលិតផលិតផលប្រដាប់ដាក់បំពង់ទឹក, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១២៦កន្លែង។
សូមជម្រាបថា ក្នុងខែមេសា ឆ្នាំ២០១៨ CDC បានចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន និងរោងចក្រចំនួនថ្មីចំនួន១០ទៀត បង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគ១៣០.៣៣លានដុល្លារអាមេរិក ដោយបង្កើតការងារបាន ១១,៩១៥កន្លែង៕