(កណ្តាល)៖ គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ បានបើកទ្វារទទួល និងបញ្ចូលសមាជិកថ្មីជិត ៩៩៦នាក់ មកពីគណបក្សសំបុក្រឃ្មុំ បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងអតីតគណបក្សសង្គ្រោះជាតិ។
សមាជិកថ្មីនេះមាន ៩៦៥រូបមកពីអតីតគណបក្សសង្គ្រោះជាតិ និងមួយចំនួនទៀតមកពីគណបក្សសំបុក្រឃ្មុំ និងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ថ្លែងទៅកាន់សមជិកថ្មីទាំងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានរំលឹកពីសមិទ្ធិផលធំៗជាច្រើន បានកើតចេញពីមកពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធិផលក្នុងស្រុកកោះទាំងនោះរួមមាន៖ ការកសាងផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ១១០ ស្ពានកោះធំ ស្ពានជ្រៃធំ ពហុកីឡាដ្ឋានស្រុកកោះធំ ការសាងសង់ឡើងវិញផ្សារកោះធំ ការកសាងផ្លូវបេតុងក្នុងភូមិ សាលារៀន និងមន្ទីរពេទ្យជាដើម។ លើសពីនេះទៅទៀតក៏មានការផ្តល់ជូនសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ការផ្តល់សេវាបង្រៀនភាសាអង់គ្លេងជូនអ្នកកោះធំដោយឥតគិតថ្លៃ ព្រមទាំងការសេវាសាធារណៈផ្សេងទៀត ដែលបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកាន់តែមានភាពប្រសើរឡើងមួយកម្រិតទៀត។
លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់សមាជិកថ្មីទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការចូលជាសមាជិកបក្ស និងការត្រៀមខ្លួនជាស្រេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន។
តាមរយៈនៃការចូលមករួមរស់របស់សមាជិកថ្មីមកពីបណ្តាបក្សដទៃនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋក្នុងស្រុកកោះធំកាន់តែច្រើន បានជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕