(ភ្នំពេញ)៖ គ្រាដែលការបោះឆ្នោតនៅកម្ពុជារំកិលកាន់តែជិតមកដល់នោះ លោក លី សៅប៊ីន (Liu Shaobin) អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខក្រៅប្រទេសក្រសួងការបរទេសចិន បានចេញមកអះអាងថា រដ្ឋាភិបាលចិន គាំទ្រយ៉ាងពេញលេញ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។
លោក លី សៅប៊ីន បានអះអាងបែបនេះក្នុងពេលដឹកនាំប្រតិភូចូលសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ។
បើតាមលោក ជុំ សុន្ទរថា អ្នកនាំពាក្យក្រសួងការបរទេសឲ្យដឹងនៅក្រោយជំនួបថា មន្ត្រីជាន់ខ្ពស់របស់ចិនរូបនេះ មិនត្រឹមតែបានប្រកាសបង្ហាញពីការគាំទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ ថែមទាំងបានប្រកាសថា រដ្ឋាភិបាលចិន មានជំហរឥតងាករេក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាការពារនូវសន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេស។
ក្នុងជំនួបនេះលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបពីដំណើរនៃការបោះឆ្នោតនៅកម្ពុជាថា កំពុងប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ ហើយមានគណបក្សនយោបាយជាច្រើនកំពុងរៀបចំដាក់បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ប្រាប់ប្រតិភូចិនថា គណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះមានទាំងបក្សគាំទ្រ បក្សកាន់អំណាច និងបក្សនយោបាយដែលប្រឆាំងជាមួយបក្សកាន់អំណាច។
ក្រៅពីបានពិភាក្សាលើប្រធានបទស្តីពីការបោះឆ្នោតហើយនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក លី សៅប៊ីន ក៏បានពិភាក្សាពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដែលបច្ចុប្បន្នឈានដល់ខួប៦០ឆ្នាំហើយនោះ។ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននាចុងឆ្នាំ២០១៨នេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា លោក លី ស៊ីប៊ីន បានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កម្ពុជា-ចិនលើកទី៣ស្តីពី «បញ្ហាសន្តិសុខគ្រប់ជ្រុងជ្រោយ» និងកិច្ចប្រជុំក្រុមការងារការពារសន្តិសុខនៃការអនុវត្តន៍គម្រោងខ្សែក្រវ៉ាត់ និងផ្លូវឆ្នាំ២០១៨ ដែលធ្វើឡើងនៅខេត្តសៀមរាប នៅថ្ងៃទី៤ ខែឧសភា៕