(ភ្នំពេញ)៖ តម្លៃប្រេងឥន្ធនៈនៅប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ដោយសាំងលក់រាយនៅតាមស្ថានីយ៍នានា សាំងធ​ម្មតាលក់ក្នុងតម្លៃ៤,១០០រៀលក្នុង១លីត្រ សាំងស៊ុបពែរ តម្លៃ៤,៤០០រៀល និង ៤,៤៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតថ្លៃ៣,៩០០រៀលក្នុង១លីត្រ។

ពាក់ព័ន្ធការកើនឡើងនៃតម្លៃសាំងនេះ ត្រូវអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឡុង កែមវិចិត្រ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដោយសារតម្លៃសាំងនៅលើទីផ្សារអន្តរជាតិឡើងថ្លៃ។

លោកបានបញ្ជាក់ថា «សាំងឡើងថ្លៃ គឺយើងអនុវត្តន៍គោលការណ៍ទីផ្សារសេរី។ សាំងឡើងថ្លៃតាមតម្លៃទីផ្សារអន្តរជាតិ ហើយកន្លងមកយើងអនុវត្តន៍រូបមន្តកំណត់តម្លៃប្រេង មានក្រសួង៣ ជាអ្នកចុះហត្ថលេខាកំណត់រូបមន្ត គឺមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសេដ្ឋកិច្ច។ រូបមន្តកំណត់តម្លៃនេះ គឺយើងយកប្រភពរូបមន្តរបស់ប្រទេសសិង្ហបុរី មកគណនាតម្លៃប្រេង ដែលដាក់លក់រាយ។ ប្រសិនបើតម្លៃប្រេងនៅទីផ្សារសិង្ហបុរីឡើងនោះ តម្លៃយើងក៏ឡើង»

សូម​បញ្ជាក់​ថា ​ក្រសួងពាណិជ្ជកម្ម តែងតែកំណត់តម្លៃលក់រាយប្រេង​ឥន្ធនៈ​រៀង​រាល់១០ថ្ងៃ​ម្តង ឬ៣ដងក្នុង១ខែ៕