(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ គណបក្សខ្មែរួបរួមជាតិ បានទៅយកបែបបទបំពេញពាក្យពី គ.ជ.ប ដើម្បីដាក់ប្រាក់តម្កល់១៥លានរៀល នៅរតនាគារជាតិ មុននឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ នេះបើយោងតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ដែលជាថ្ងៃទី០៤ នៃការចុះឈ្មោះបោះឆ្នោត។
បើតាមលោក ឌឹម សុវណ្ណរុំ រហូតដល់ពេលនេះ មានគណបក្សចំនួន៣ បានបញ្ចប់ការចុះឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ និងមានគណបក្សចំនួន៦ បានយកពាក្យដើម្បីរៀបចំឯកសារតម្កល់លុយ ខណៈដែលគណបក្សជាច្រើនទៀតបានយកបែបបទពី គ.ជ.ប ទៅត្រួតពិនិត្យ និងបំពេញ។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា គណបក្សចំនួន៣ ដែលបានចុះឈ្មោះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។
ទោះជាយ៉ាងនេះក្តីលោក សិង្ហ គិរី ប្រធានគណបក្សខ្មែរជាតិ បានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ ការបោះឆ្នោតជូន គ.ជ.ប នៅអំឡុងថ្ងៃទី៤ ឬទី៥ ខែឧសភា ឆ្នាំ២០១៨ ហើយសង្ឃឹមថា គណបក្សនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក សិង្ហ គីរី បានបញ្ជាក់ទៀតថា គណបក្សខ្មែររួមរួបជាតិ នឹងរៀបចំសមាជមួយនៅពេលឆាប់ៗខាងមុខ ដើម្បីប្រគល់តំណែងប្រធានបក្ស ជូនលោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារជាបណ្តុះអាសន្ន។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន តែមួយប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សនេះ មិនចូលរួមក្តី ក៏មានមានគណបក្សនយោបាយជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះ នឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុនផងដែរ៕