(ភ្នំពេញ)៖ នៅក្នុងអំឡុងចុងខែកញ្ញា ខាងមុខនេះ វត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើន បានត្រៀមខ្លួនទៅចូលរួមការប្រគំតន្ត្រីធំ ដែលមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, លោក ឆាយ វីរៈយុទ្ធ, អ្នកនាង ពេជ្រ សោភា, លោក ពាក់មី , លោក ឡេង ណាវ៉ាត់ត្រា និងលោក ហេងឡុង រួមជាមួយក្រុមរាំរបស់ តារាចម្រៀងនីមួយៗ និងធ្វើឲ្យកក្រើក ការប្រគំតន្ត្រីធំនៅកូរ៉េ ជាលើកដំបូង ដែលធ្វើឲ្យបងប្អូនពលករនៅកូរ៉េ ទន្ទឹងរង់ចាំទស្សនា យ៉ាងអន្ទះសារ។ ម្ចាស់ Sponsor លោក ឡេង ណាវ៉ាត់ត្រា បានទទួលស្គាល់ថា នៅក្នុងពេលឆាប់ៗនេះលោករួមជាមួយតារាល្បីៗ និងរៀបចំព្រត្តិការណ៍ធំ ដែលជួបគ្រួសារខ្មែរនៅកូរ៉េ។
លោក ឡេង ណាវ៉ាត់ត្រា បានប្រាប់ឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលលោក ក្នុងនាមជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា បានរៀបចំប្រគំតន្ត្រីធំនៅកូរ៉េ និងមានការអញ្ជើញតារាល្បីៗទៅច្រើន ជាក់ស្តែងនៅចុងខែកញ្ញាខាងមុខនេះ លោកក៏មានគម្រោង ដឹកនាំតារាល្បីៗជាច្រើនទៅចូលរួមប្រគំតន្ត្រីនៅកូរ៉េម្តងទៀត ដោយមានការសហការ ជាមួយសមាគមសិល្បករខ្មែរ ដោយតារាៗដែលទៅច្រៀងនៅថ្ងៃទី២៣ដល់ថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ រយៈពេល៣ថ្ងៃ មាន លោក ព្រាប សុវត្ថិ, លោក ពាក់មី និងតារាមួយចំនួនទៀត។
លោក ណាវ៉ាត្រា បានអោយដឹងថា ការដឹកនាំ លោក ព្រាប សុវត្ថិនិងតារាដទៃទៅចូលរួម គឺក្នុងគោលបំណងចង់ឲ្យប្រជាពលរដ្ឋ ដែលនៅឆ្ងាយមានារម្មណ៍កក់ក្តៅ ហើយមួយទៀតគឺដើម្បីអោយតារារូបនេះបានជួបអ្នកគាំទ្ររបស់ខ្លួននៅកូរ៉េ។ ហើយក្នុងនាមលោកជាអ្នកធានាក៏ដូចជាចាយទុនរៀបចំគឺ លោកមិនបានគិតថា បានផលចំណេញអ្វីត្រឡប់មកវិញទេ។ ចុងក្រោយម្ចាស់ បុរី ឡេងណាវ៉ាត់ត្រា បានផ្តាំផ្ញើរជូនពលករខ្មែរ នៅកូរ៉េរង់ចាំតារាល្បី ទៅបកស្រាយនៅទីនោះឆាប់ៗនេះ៕