(ភ្នំពេញ)៖ គណបក្សភ្លើងទៀន ដែលជាអតីតគណបក្ស សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសមិនចូលរួមការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ដែលជាស្ថាបនិកគណបក្សសង្គ្រោះជាតិ សូមជម្រាប់ជូនសាធារណៈមតិជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណបក្ស ភ្លើងទៀន នឹងមិនចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះទេ»។
គណបក្សនេះ បានទាមទារឱ្យមានការដោះស្រាយវិបត្តិនយោបាយ ដើម្បីធានាឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពរដ្ឋខ្មែរ។
អង្គភាពព័ត៌មាន Fresh News នៅមិនទាន់អាច ទំនាក់ទំនង ប្រធានគណបក្សភ្លើងទៀន ដើម្បីបំភ្លឺជុំវិញរឿងនេះ បាននៅឡើយទេ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨។
ទោះបីជាគណបក្សភ្លើងទៀន ប្រកាសមិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏នៅពេលមានគណបក្សនយោបាយជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដាខាងមុខនេះផងដែរ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៣ហើយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជូនគ.ជ.ប ខណៈគណបក្សនយោបាយចំនួន១៦ ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ។ គណបក្សនយោបាយទាំង៣ ដែលបានចុះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។
អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះ នឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុនផងដែរ៕