(ភ្នំពេញ)៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ក្រុមហ៊ុនឯកជនទាំងអស់ ដែលមកធ្វើការវិនិយោគនៅកម្ពុជា ជួយបង្កើតការងារបន្ថែម ជូនដល់ប្រជាជនកម្ពុជា ពិសេសលើកម្លាំងធនធានមនុស្សវ័យក្មេងតែម្ដង។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតបានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនជាង៣០ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងកោតសរសើរចំពោះវិស័យឯកជន ដែលបានធ្វើការវិនិយោគនៅកម្ពុជា ដោយនេះជាកិច្ចការមួយ ដែលបានជួយទៅដល់រាជរដ្ឋាភិបាលផងដែរ ពិសេសគឺការជ្រើសរើសកម្លាំងវ័យក្មេងដែលកម្ពុជាកំពុងបានធ្វើការបណ្ដុះបណ្ដាល ធនធានមនុស្សវ័យក្មេងជាច្រើន។
លើសពីនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានលើកទឹកចិត្ដ ដល់វិស័យឯកជនទាំងអស់ ក្នុងការពិចារណាជួយបង្កើតការងារបន្ថែមដល់កម្លាំងវ័យក្មេងឲ្យបានច្រើនបន្ថែមទៀត ដែលកម្លាំងនេះ ពោរពេញទៅដោយថាមពល បញ្ញាស្មារតី ការតស៊ូ និងទឹកចិត្ដអង់អាច ដែលអាចឲ្យការងាររបស់ក្រុមហ៊ុននោះរីកចម្រើនផងដែរ។
ព្រមជាមួយគ្នានោះ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានលើកទឹកចិត្ដ និងអំពាវដល់វិស័យឯកជនទាំងអស់ ដែលសប្បុរសជន តែងតែជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាជនក្រីក្រជួបទុក្ខលំបាកគ្រប់រូបភាព ទាំងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដល់ប្រជាពលរដ្ឋជាជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រាជាដើម សូមសប្បុរសជនទាំងអស់ បន្ដជួយឧបត្ថម្ភបន្ថែមទៀតផង មកដល់កាកបាទក្រហមកម្ពុជា ដែលការចូលរួមរបស់បងប្អូនសប្បុរសជននេះ បានជួយបង្កលក្ខណៈល្អប្រសើរ និងប្រសិទ្ធិភាពខ្ពស់ក្នុងការជួយប្រជាពលរដ្ឋ៕