(សៀមរាប)៖ អតីតយុទ្ធជននៅខេត្តសៀមរាប បានសម្តែងការពេញចិត្តពេញថ្លើមខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិកម្ពុជា។ ក្រៅពីបង្ហាញការពេញចិត្តចំពោះការដឹកនាំ របស់សម្តេចនាយករដ្ឋមន្ត្រីហើយ អតីតយុទ្ធជនដែលធ្លាប់បានប្រយុទ្ធការពារ របបដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៨០មកនោះ បានប្រកាសបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិថ្មី និងអាណត្តិបន្តបន្ទាប់ថែមទៀតផង។
អតីតយុទ្ធជននៅស្រុកអង្គរជុំ ខេត្តសៀមរាបចំនួន ៩៦០នាក់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ត្រូវបាននាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ចុះទៅបំពាក់មេដាយការពារជាតិជូនពួកគាត់ ដើម្បីជាការផ្តល់នូវកិត្តិយស និងជាការដឹងគុណចំពោះពួកគាត់ ដែលបានធ្វើពលីកម្មសព្វបែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។
បងប្អូនអតីតយុទ្ធជន ដែលបានចូលរួមទទួលមេដាយការពារជាតិ ដែលជាគ្រឿងឥស្សរិយយសប្រទានដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នោះ បានធ្វើឲ្យពួកគាត់សប្បាយរីករាយយ៉ាងខ្លាំង។ លោក ប៊ិត ចត យោធិនពិការភ្នែក និងដៃ ក្នុងសមរភូមិអង្គរជុំ និងជាអតីតយោធាស្រុកអង្គរជុំ បានថ្លែងគ្រឿងឥស្សរិយយសនេះ គឺជាការផ្តល់តម្លៃខ្ពស់បំផុតសម្រាប់ជីវិតរបស់ពួកគាត់។
ជាមួយនឹងភាពរីករាយដែលទទួលបានមេដាយការពារជាតិ លោក ប៊ិត ចត ក៏បានបង្ហាញនូវការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ការពេញចិត្តក៏ដោយសារតែអតីតយុទ្ធជនរូបនេះ មើលឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែល បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ពួកគាត់ ជាពិសេសបានតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោក ប៊ិត ចត បានលើកឡើងថា «តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្នទឹកចិត្តនៃការគាំទ្ររបស់ពួកគាត់ចំពោះសម្តេចតេជោមិនមានការប្តូរផ្លាស់នោះឡើយ។ ទោះបីខ្ញុំតស៊ូលើសមរភូមិរហូតធ្លាក់ខ្លួនពិការតែខ្ញុំមិនតូចចិត្ត ហើយនៅតែគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ព្រោះខ្ញុំ មើលឃើញថា គាត់ជាមេដឹកនាំតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ បានប្រឹងប្រែងរំដោះជាតិ រកសុខសន្តិភាព បញ្ចប់ភ្លើងសង្គ្រាម អភិវឌ្ឍន៍ប្រទេសជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរ»។
លោក ចត បន្ថែមថា «យើងត្រូវការមេដឹកនាំដែលគិតគូរពីសុខទុក្ខរបស់យើង និងប្រទេសជាតិយើង។ ខ្ញុំមើលឃើញថា សម្តេចតេជោ មានលក្ខណៈសម្បត្តិទាំងអស់នេះ ដូច្នេះខ្ញុំគាំទ្រគាត់ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និងអាណត្តិក្រោយៗទៀត ដើម្បីគាត់មានឱកាសជួយជាតិរបស់យើង ក៏ដូចជាពួកយើងខ្ញុំជាអតីតយុទ្ធជន»។
សូមបញ្ជាក់ថា អតីតយុទ្ធជនដែលសុទ្ធសឹង ជាអ្នកបានតស៊ូប្រយុទ្ធការពារមិនឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញនោះ ត្រូវបានរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជាខ្លាំងទៅសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ សម្តេចតេជោ ហ៊ុន សែន បានបង្កើតតំបន់អភិវឌ្ឍន៍យោធិនពិការជាច្រើនកន្លែង សម្រាប់ធ្វើផ្ទះ និងផ្តល់ដីសម្រាប់ពួកគេរស់នៅ និងបង្កបង្កើនផល។
ជាពិសេសក្នុងរយៈពេលប្រមាណជា៣ឆ្នាំចុងក្រោយនេះ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាននាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន បានចុះជួបផ្ទាល់ៗជាមួយអតីតយុទ្ធជននៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ពួកគាត់ ហើយបានដោះស្រាយភ្លាមៗរាល់ទុក្ខលំបាករបស់ពួកគាត់។
ក្នុងនោះសមាគមតែងបានជួយឧបត្ថម្ភជាថវិកា នៅពេលអតីតយុទ្ធជនណាជួបការខ្វះខាត ជួបគ្រោះអាសន្នផ្សេងៗ ឬសមាជិកក្រុមគ្រួសារ ទទួលមរណភាពជាដើមនោះ។ លើសពីនោះទៀតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានផ្តល់ ថវិកាសម្រាប់សាងសង់ផ្ទះ និងផ្តល់ដីដល់អតីតយុទ្ធជនដែលគ្មានផ្ទះសម្បែងថែមទៀតផង។
តាមរយៈកាយវិការនៃការយកចិត្តទុកដាក់នេះ បានធ្វើឲ្យអតីតយុទ្ធជនរស់ក្នុងជីវភាពបានល្អប្រសើរ ហើយក៏បានធ្វើឲ្យពួកគាត់មានការពេញចិត្តពេញថ្លើមចំពោះរាជរដ្ឋាភិបាល ហើយក៏មិនសោកស្តាយផងដែរចំពោះការលះបង់លើសមរភូមិរបស់ពួកគាត់ ពីអតីតកាលទោះបី គាត់ត្រូវធ្លាក់ខ្លួនពិការក៏ដោយនោះ៕