(ម៉ាឡេស៊ី)៖ ឈានដល់គោលដៅទី៦ ក្នុងដំណើរទស្សនកិច្ចជាលើកទី៣នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ រួមជាមួយលោស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញសាកសួរសុខទុក្ខបងប្អូ​ន​ពលរដ្ឋខ្មែរ នៅរដ្ឋ Perak ​ប្រមាណ៤២០នាក់ ដែលជាអ្នកតំណាងពលរដ្ឋខ្មែរនៅតំបន់ Parit Buntar និងនៅជុំវិញ ក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៊ី។​

ក្នុងពិធីសំណេះសំណាល លោកស្រី រត្ន ម៉ានី បានបញ្ជាក់អំពីភារកិច្ច និងទំនួលខុសត្រូវនានារបស់ស្ថានទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី ជាមួយម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងពិភពលោក ដែលដាក់ទូតនៅម៉ាឡេស៊ី ជាពិសេសស្ថានទូត មានតួនាទីសំខាន់ ក្នុងកិច្ចសហការ សម្រួលរាល់បញ្ហាផ្សេងៗជូនពលរដ្ឋកម្ពុជា​។

លោកស្រីឯកអគ្គរាជទូត បានប្រកាសជូនដំណឹងដល់បងប្អូនដែលមករកស៊ី ធ្វើការនៅម៉ាឡេស៊ីដែលស្របច្បាប់ទាំងអស់ថា ជាគោលនយោបាយរបស់ រាជរដ្ឋាភិបាល គឺ​បងប្អូនណាដែលជួបឧប្បទេវហេតុឈានដល់បាត់បង់ជីវិត ត្រូវផ្តល់ដំណឹងជូនស្ថានទូត ជួយអន្តរាគមន៍ ហើយជនរងគ្រោះ នឹងត្រូវបានរដ្ឋាភិបាលផ្តល់នូវប្រាក់ធានារ៉ាប់រង។​

លោកឧកញ៉ា អូស្មាន ហាស្សាន់ បានបញ្ជាក់ពីគោលបំណង នៃការទស្សនកិច្ចនេះ គឺដើម្បីសាកសួរសុខទុក្ខ​ទទួលយកព័ត៌មាន និងសំណើសុំអន្តរាគមន៍ផ្សេងៗ របស់បងប្អូន​ដើម្បីចូលរួមដោះស្រាយតម្រូវការរបស់​ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ​បំពេញការងារ នៅម៉ាឡេស៊ីនេះ ដោយអនុលោមទៅតាមច្បាប់ របស់ប្រទេសទាំងពីរ​កម្ពុជា-ម៉ាឡេស៊ី​។​

លោកឧកញ៉ា បានជម្រាបដល់បងប្អូន អំពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា​សព្វថ្ងៃ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី​ គឺកម្ពុជា​មិនមែនលំបាកវេទនា គ្មានការអភិវឌ្ឍន៍​ដូចការមូលបង្កាច់ចោទប្រកាន់របស់ក្រុមមេដឹកនាំ និងអ្នកគាំទ្របក្សប្រឆាំងនោះទេ ផ្ទុយទៅវិញ ពេលដែលបងប្អូនទៅដល់មាតុភូមិកម្ពុជា​វិញ បងប្អូននឹងភ្ញាក់ផ្អើល ដែល​បានឃើញផ្ទាល់នឹងភ្នែកស្ទើរតែមិនអាចជឿ ពីការវិវត្តន៍ជឿនលឿនរបស់កម្ពុជាសព្វថ្ងៃ ប្រជាពលរដ្ឋ​មានជីវភាពល្អប្រសើរ បុគ្គលិកក្រុមហ៊ុន មន្រ្តីរាជការ និង​កម្មករ កម្មការនី ក៏ត្រូវបានតម្លើងប្រាក់បៀវត្ស និងប្រាក់អត្ថប្រយោជន៍ជាច្រើនទៀត។​

ថ្លែងទៅកាន់បងប្អូនខ្មែរឥស្លាម ដែលមានវត្តមានក្នុងពិធីសំណេះសំណាល លោក អូស្មាន ហាស្សាន់ ក៏បានជម្រាបពីសុខដមបនីយកម្ម ពីសិទ្ធិសេរីភាព នៃការអនុវត្តគោលជំនឿ និងការប្រតិបត្តិប្រពៃណីគ្រប់ជាតិសាសន៍ ដែលនៅក្រោមម្លប់នៃ​កម្ពុជា គឺបានកំពុងរួមរស់រួមសុខជាមួយគ្នា ក្រោមការផ្តល់នូវ ភាពកក់ក្តៅ​ពីរដ្ឋាភិបាល និងមានការចូលរួមដោះស្រាយ ផ្តល់នូវគោលនយោបាយផ្សេងៗ ជូនប្រជាជាតិទាំងអស់​ក្នុងនោះសាសនិកឥស្លាម ក៏ជាពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាល​ដោះស្រាយគោលនយោបាយ និងសម្រួលអ្វីៗគ្រប់បែបយ៉ាង ដែលបងប្អូនត្រូវការ។

​លោកបន្តថា សមិទ្ធផលនេះ គឺទទួលបាន​ដោយសារតែកម្ពុជាមានភ័ព្វសំណាង បានរួមរស់ជាមួយមេដឹកនាំដ៏ត្រឹមត្រូវ មេដឹកនាំដែលមានសមត្ថភាព និង​លះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រយោជន៍ជាតិ ប្រជារាស្ត្ររបស់ខ្លួន៕