(ភ្នំពេញ)៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុន៣០រួមមាន៖ ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈបាកាស) Dong -A ST (Bacchus Cambodia), ក្រុមហ៊ុន អកស៍ឡី វើដ៏ប្រីជ ខេមបូឌា (Oxley Worldbridge Cambodia Co,.Ltd), ក្រុមហ៊ុនស្រាបៀរ GANZBERG និងក្រុមហ៊ុនចំនួន២៨ទៀត ដែលដឹកនាំដោយលោកឧកញ៉ា ហ៊ុន តូ អគ្គនាយក្រុមហ៊ុន អិក អេក អ អាស៊ាន អ៊ិសវេមេន ដែលប្រព្រឹត្ដទៅនាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ក្នុងនាមខ្ញុំតំណាងឲ្យកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ »។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្ដថា កាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែអនុវត្ដសកម្មភាព មនុស្សធម៌ប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបន្ដជួយ ប្រជាពលរដ្ឋក៏ដោយសារតែមានការចូលរួមពីសប្បុរសធម៌ ដោយការស័្មគ្រចិត្ដទាំងជាតិ និងអន្ដរជាតិ ហើយថវិកានេះ ដើម្បីជួយប្រជាជនដែលងាយរងគ្រោះ នៅទូទាំងប្រទេសផងដែរ ។
ជាកិច្ចឆ្លើយតបគណៈប្រតិភូ តំណាងឲ្យគ្រប់ហ៊ុនទាំង៣០ បានថ្លែងថា «យើងខ្ញុំមានការពេញចិត្ដ និងមានទំនុបចិត្ដយ៉ាងខ្លាំង ពីកាកបាទក្រហមកម្ពុជា ក្រោយការដឹកនាំប្រកប ដោយកិត្ដិព្រឹទ្ធបណ្ឌិត របស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានខិតខំប្រឹងប្រែងជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាជន បានទាន់ពេលវេលា ដែលនេះបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ដែលធ្វើឲ្យយើងខ្ញុំទាំងអស់ ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្ដការចូលរួមទ្រទ្រង់សកម្មភាព មនុស្សធម៌បន្ដទៀតទាំងជាតិ និងអន្ដរជាតិ»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងបន្ដទៀតថា នៅថ្ងៃ៨ឧសភាខាមុខនេះ កាកបាទក្រហមកម្ពុជា នឹងប្រារព្ធទិវា៨ឧសភាលើកទី១៥៥ ដើម្បីកៀរគរ មូលនិធិសម្រាប់ទ្រទ្រង់សកម្មភាព មនុស្សធម៌ជួយប្រជាជនជួបការលំបាកគ្រប់រូបភាព គ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដល់ប្រជាពលរដ្ឋ ជាជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ ក្មេងកំព្រា និងបញ្ហាជាច្រើនទៀតផងដែរ។
ខាងក្រោមនេះ ជាអំណោយរបស់សប្បុរសជន ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជា៖
* តាមរយៈលោកឧកញ៉ា ហ៊ុន តូ មាន២៨ក្រុមហ៊ុនថវិកាសរុប ១,១៨០,០០០ដុល្លារ (ក្រុមហ៊ុនចម្រុះ ខ្មែរ-ថៃ-ចិន)
* ក្រុមហ៊ុន អកស៍ឡី វើដ៏ប្រីជ ខេមបូឌា (Oxley Worldbridge Cambodia Co,.Ltd) ថវិកាសរុប១៥ម៉ឺនដុល្លារ
* ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈ បាកាស) Dong -A ST (Bacchus Cambodia) ថវិកា១០ម៉ឺនដុល្លារ
* ក្រុមហ៊ុនស្រាបៀរ GANZBERG មានរថយន្ដ Ford Ranger ពណ៌ស សេរីឆ្នាំ២០១៨ ចំនួន២គ្រឿង និងមួកសុវត្ថិភាព២ពាន់មួក (គិតជាថវិកា៩៦,០០០ដុល្លារ) ៕