(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុកបាកាន បានប្រកាសនៅមុខប្រជាពលរដ្ឋ និងភាគីទំនាស់ដីធ្លីទាំង ៥ករណីផ្សេងគ្នាថា លោកនឹងទុកតួនាទីជាអភិបាលខេត្តនៅដោយឡែក ដើម្បីចូលរួមសម្របសម្រួលដោះស្រាយ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋក្នុងស្រុកបាកាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត។
ក្នុងកិច្ចសម្របសម្រួលជាលក្ខណៈគ្រួសារ លោក ម៉ៅ ធនិន បានលើកឡើងពន្យល់ប្រជាពលរដ្ឋថា មានតែការជជែកដោះស្រាយទើបបញ្ហាទាំងអស់ត្រូវបញ្ចប់ តែប្រសិននៅតែប្រកាន់ការរឹងទទឹងដាក់គ្នា និងព្យាយាមស្វែងរកផ្លូវតុលាការនោះនឹងត្រូវខាតទាំងថវិកា និងពេលវេលា។
លោកបានបញ្ជាក់ដូច្នេះថា «ការយល់យោគ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»។ លោកបានបន្ថែមថា «អ្នកយកដីគេត្រូវឲ្យគេ អ្នកជំពាក់លុយគេ ត្រូវសងគេ បើទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែយោគយល់អធ្យាស្រ័យគ្នា និងមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា»។
សម្រាប់យន្តការ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុតរបស់លោក ម៉ៅ ធនិន បានធ្វើឲ្យភាគីទាំងសងខាងយល់ព្រម និងពេញចិត្តទទួល ព្រមទាំងបានដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់ទំនាស់ដីធ្លី ៥ករណីផ្សេងគ្នា បូករួមទាំងករណីជម្លោះក្នុងគ្រួសារ ករណីស្នើសុំបើកផ្លូវ និងករណីស្នើសុំបិទប្រឡាយ ចាប់ពីពេលនេះតទៅ។
ប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ និងសាក្សីនៅទីនោះ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់អភិបាលខេត្ត ដោយមិនគិតពីការនឿយហត់ បើទោះបីថ្ងៃនេះជាថ្ងៃឈប់សម្រាកយ៉ាងណាក្តី ក្នុងចំណាត់ការដោះស្រាយ ទំនាស់ដីធ្លី ក៏ដូចជាបញ្ហាសំណូមពរផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានោះ ប្រជាពលរដ្ឋទាំងអស់ ក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយនាឱកាសនោះលោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ជាសារុងម្នាក់១ ដល់អ្នកចូករួមជាង១០០នាក់ និងបានពិសាអាហារសម្រន់ជួបជុំគ្នា ក្នុងស្មារតីស្និទស្នាល ជាលក្ខណៈគ្រួសារផងដែរ៕