(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ប្រមូលថវិកាបាន១២ម៉ឺនដុល្លារ ពីសប្បុរសជននានា ក្នុងពិធីអបអរសារទរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទ មេបញ្ជាការកងទព័ជើងគោគ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព និងសប្បុរសជនជាច្រើនរូបផងដែរ។

ខួបលើកទី១៥៥ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ឧសភាឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅពេលនេះ គឺក្នុងគោលបំណងគៀងគររកថវិការពីសប្បុរសជន ពីអ្នកស្មគ្រ័ចិត្តនានា ដើម្បីទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា សម្រាប់យកទៅចាត់ចែងជួយជនងាយរងគ្រោះ ក៏ដូចជាចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម។

ថវិកាដែលប្រមូលបានពីសប្បុរសជន ក្នុងឱកាសនោះ មានចំនួន១២ម៉ឺនដុល្លារ ហើយដើម្បីលើកទឹកចិត្តដល់សប្បុរសជន ដែលបានបរិច្ចាកថវិកាក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានអញ្ជើញទទួលថវិកាពីសប្បុរសជនដែលបានបរិច្ចាកផងដែរ៕