(រតនគិរី)៖ ស្របពេលដំណាំកសិឧស្សាហកម្មមួយចំនួន ដូចជាកៅស៊ូ និងម្រេចមានតម្លៃធ្លាក់ចុះនោះ បែរជាផ្លែប័រធម្មជាតិ ស្ថិតនៅក្នុងទឹកដីខេត្តរតនគិរី បែរជាមានហាងឆេងឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប្រជាកសិករមានទឹកចិត្តបង្កើនការដាំដុះបន្ថែមទៀត ដើម្បី​រកប្រាក់ចំណុលផ្គត់ផ្គង់គ្រួសារ និងបំពេញតម្រូវការទីផ្សារក្នុងស្រុងផងដែរ។

លោក វ៉ាន់ សោភា ម្ចាស់ចំការប័រជាង២ហិចតា ដែលស្ថិតនៅក្នុងក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៨នេះថា ចំការប័ររធម្មជាតិរបស់លោកមានចំនួនជាង២ហិចតា ដាំដោយធម្មជាតិ ដែលមានឱជារសឈ្ងុយឆ្ងាញ់ និងបានផ្តល់ទិនផលក្នុង១ឆ្នាំ៣ដង គឺវិលជុំមានបរិមាណ៨តោន ទៅ១០តោនឯណោះ។

លោក វ៉ាន់ សោភា បានថ្លែងថា កត្តាដែលនាំឱ្យដំណាំប័រធម្មជាតិរបស់លោក ទទួលបានទិន្នផលខ្ពស់ក្នុងមួយឆ្នាំៗនោះ គឺដោយសារតែនៅក្នុងទឹកដី​ខេត្តរតនគិរី ជាតំបន់មួយមានអំណោយផលពីធម្មជាតិ ជាពិសេសគឺកត្តាដីតែម្តង ដែលជាប្រភេទដីក្រហម មិនបាច់ចាំប្រើប្រាស់ជីគីមីនោះទេ មិនតែប៉ុណ្ណោះប្រភេទដីដែលមានអំណោយផលដល់ដំណាំប័រនេះ មាននៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ភូមិភាគឦសាន នៃប្រទេសកម្ពុជា។

លោក វ៉ាន់ សោភា បានបន្តថា ដោយសារកត្តាអំណោយផលនៃធម្មជាតិនេះសូមឱ្យប្រជាពលរដ្ឋដែលមានដីទំនេរច្រើននាំគ្នាងាយមកដាំដំណាំផ្លែប័រ ព្រោះទទួលទិន្នខ្ពស់ រីឯតម្លៃវិញសមរម្យមិនពិបាកថែទាំប៉ុន្មានទេ ហើយសំណូមពរឱ្យប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រផ្លែប័រធម្មជាតិគ្មានជាតិគីមី ជៀសវាងទទួលទានផ្លែប័រ នាំចូលពីក្រៅប្រទេស ហើយបើបងប្អូនចង់ទទួលទានផ្លែប័រស្រស់ អាចទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៩៧៧៧៧៧៦៩៧ ឬអាចទូរស័ព្ទមកផ្ញើទៅក៏បានដោយតម្លៃសមរម្យ។

ជាមួយគ្នានេះលោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះថា ចំការប័រនៅទូទាំងខេត្តរតនគិរី មានប្រមាណ៥០ហិចតា ហើយមានដាំច្រើនជាងគេនៅក្រុងបានលុង និងស្រុកបរកែវ៕