(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ខេត្ត លើកទី១២ ឆ្នាំ២០១៨ បានរកឃើញបេក្ខភាពប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងក្រុមបន្ដដំណើរទៅប្រកួតពានរង្វាន់ថ្នាក់ជាតិហើយ រួមមានក្រុមសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៨ឆ្នាំ, ក្រុមគិរីវង់អែហ្វស៊ី, ខេត្តកំពត និងខេត្តកោះកុង។
ចំពោះខេត្តកំពត និងខេត្តកោះកុង គឺជាក្រុមជោគជ័យជាងបណ្ដាក្រុមតំណាងខេត្តមួយជាច្រើនទៀត ដែលបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត ហើយមានឱកាសឡើងទៅប្រកួតជាមួយក្រុមសមាជិកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (លីគកំពូលកម្ពុជា) ឆ្នាំ២០១៨ ក្នុងពានរង្វាន់ថ្នាក់ជាតិបន្ដ។ ជោគជ័យនេះបានកើតឡើង បន្ទាប់ពីខេត្តកំពតបានយកឈ្នះក្រុមខេត្តមណ្ឌលគិរី ៣-២ ខណៈខេត្តកោះកុង បានយកឈ្នះខេត្តព្រៃវែង ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីម្សិលមិញ។
សម្រាប់កម្មវិធីប្រកួតបន្ដ មុនឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត នៅថ្ងៃទី០៤ ខែឧសភាស្អែកនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួត គ្រាដែលការប្រកួតគ្រោងធ្វើឡើង នៅថ្ងៃទី១២ ខែឧសភាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីចម្រាញ់រកក្រុមជើងខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ។ រីឯពានរង្វាន់ថ្នាក់ជាតិ តាមគម្រោងនឹងចាប់ផ្ដើមការប្រកួតនាពាក់កណ្ដាលខែកក្កដា បន្ទាប់ពីរកឃើញក្រុមជើងឯកពានរង្វាន់ថ្នាក់ខេត្ត ឆ្នាំ២០១៨៕