(ភ្នំពេញ)៖ ការលក់ដូរគ្មានសណ្តាប់ធ្នាប់នានា នៅជុំវិញរម្មណីយដ្ឋានវត្តភ្នំ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លែងមានតទៅហើយ​ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាយ៉ាដាច់ណាត់ មកកាន់អភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ ដើម្បីលើកកម្ពស់បញ្ហាបរិស្ថាន និងអនាម័យនៅតំបន់ទេសចរណ៍មួយនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រោមការបញ្ជាពីអភិបាលខណ្ឌដូនពេញ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់វត្តភ្នំ បានបើកយុទ្ធនាការ ចុះទៅរៀបចំសណ្តាប់ជាប្រចាំ ដោយហាមឃាត់ការលក់ដូរតាមរ៉ឺម៉ក់ម៉ូតូ តាមរទេះរុញ និងតាមរថយន្តជាដើម ដែលមើលទៅមានភាពរញ៉េរញ៉ៃ គ្មានអនាម័យ ហើយពេលខ្លះអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើទៀតផង។

ជាមួយគ្នានេះ បញ្ហាយកលុយថ្លៃភាស៊ីពីសំណាក់ក្រុមហ៊ុន «ស៊ូណាត្រា» ពីម្ចាស់ម៉ូតូ និងរថយន្តដែលចតនៅតាមដងផ្លូវ នៅជុំវិញបរិវេណវត្តភ្នំ និងនៅក្បែរមន្ទីរគន្ធបុប្ផានោះ ក៏គ្មានទៀតឡើយ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីមហាជនទូទៅ និងប្រជាពលរដ្ឋដែលបានយកកូនមកកាន់មន្ទីរពេទ្យមួយនេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ នាយករដ្ឋបាលសាលាខណ្ឌដូនពេញ លោក ចាប ឌីណា​ បានបញ្ជាក់ថា «ចាប់ពីថ្ងៃនេះតទៅមុខ គ្មានទៀតឡើយចំពោះ ការលក់ដូរនៅជុំវិញវត្តភ្នំ ដែលនាំឲ្យប៉ះពាល់ដល់សោភ័ណទីក្រុង សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យផងដែរ ជាពិសេសនោះនាំឲ្យមានការប៉ះពាល់ដល់ភ្ញៀវទេចរជាតិ និងអន្តរជាតិដែលមកកំសាន្តនៅវត្តភ្នំរបស់យើងនេះផងដែរ»

នាយករដ្ឋបាលសាលាខណ្ឌដូនពេញរូបនេះ ក៏បានបញ្ជាក់ផងដែរ ក្រោយបទបញ្ជាផ្ទាល់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, លោកអភិបាលខណ្ឌដូនពេញ បានចាត់ចែងឲ្យមន្រ្តីក្រោមឱវាទ ត្រូវត្រួតពិនិត្យជាប្រចាំលើករណីនេះ ដើម្បីរក្សាមុខមាត់រាជធានីភ្នំពេញកាន់តែមានការទាក់ទាញពីមហាជនទូទៅ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានប្រកាសឲ្យក្រុមហ៊ុន «ស៊ូណាត្រា» បញ្ឈប់ការលុយពីប្រជាពលរដ្ឋដែលបានយកម៉ូតូ និងរថយន្តរបស់ពួកគាត់ចតលើដងផ្លូវ នៅម្តុំវត្តភ្នំ ក្នុងខណ្ឌដូន​ពេញ តទៅទៀត ហើយនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះដែរ អាជ្ញាធរខណ្ឌដូនពេញ បានចុះទៅត្រួតពិនិត្យ និងចុះរៀបចំសណ្តាប់ធ្នាប់បន្ថែមនៅតំបន់នោះ ជាពិសេសជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានដឹងគ្រប់ៗគ្នា។

កាលពីពេលថ្មីៗនេះ មានរិះគន់យ៉ាងខ្លាំងពីមហាជន ជាពិសេស ពលរដ្ឋដែលបានយកកូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ហើយដោយសារតែប្រញាប់ខ្លាំងពេក ​ដើម្បីឲ្យកូនចូលទៅក្នុងមន្ទីរពេទ្យនោះ ពួកគាត់បានបង្ខំចិត្តយកម៉ូតូ និងរថយន្តទៅចតនៅលើដងផ្លូវនៅក្បែរៗនោះ។ ប៉ុន្តែពេលត្រឡប់មកវិញ ស្រាប់តែមានបុគ្គលិករបស់ក្រុមហ៊ុន «ស៊ូណាត្រា» ទៅទារថ្លៃភាស៊ីមានចាប់ពី៣០០០រៀល ឡើងទៅផងដែរ។ ពេលខ្លះម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបាន​បុគ្គលិកនោះ យកច្រវ៉ាក់ទៅចាក់កង់ម៉ូតូ ដើម្បីបង្ខំឲ្យម្ចាស់បង់លុយថ្លៃភាស៊ី ចំពោះការចតលើដងផ្លូវនេះ។

ដោយសារតែមានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋមកនោះ ទើបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ​បានសម្រេចឲ្យក្រុមហ៊ុនយកភាស៊ីមួយនេះ បញ្ឈប់សកម្មភាពភ្លាម ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋទូទៅ។

លោក ចាប ឌីណា បានប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ក្រោមការណែនាំពីអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ រសៀលថ្ងៃនេះ យើងបានចុះមកពិនិត្យមើលនៅបរិវេណវត្តភ្នំ និងទីតាំងមួយចំនួនទៀត ពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុន ស៊ូណាត្រា ហើយពេលនេះយើងឃើញថា ពុំមានការយកលុយភាស៊ីអ្វីទៀតឡើយ ដោយយើងបានផ្អាកសកម្មភាពនេះហើយ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ទទួលបានជាព័ត៌មាន។ តែយ៉ាងណាក៏ដោយ​ យើងសុំការយោគយល់ដល់ប្រជាពលរដ្ឋទាំងអស់ ចំពោះការប្រកបអាជីវកម្ម និងការចតម៉ូតូ រថយន្តឲ្យមានសណ្តាប់ធ្នាប់ ហើយមិនត្រូវយកដងផ្លូវ ចិញ្ចើមផ្លូវទាំងនេះ ជាកន្លែងចំណតឡើយដែលអាចនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងដើម្បីលើកតម្កើងសោភ័ណភាព ទីក្រុងរបស់យើងផងដែរ»។

រដ្ឋបាលខណ្ឌដូនពេញក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ សូមថ្លែងអំណរគុណចំកិច្ចសហការល្អប្រសើររបស់បងប្អូន លក់ដូរខុសសណ្តាប់ធ្នាប់ ដែលមានការយោគយល់។ រដ្ឋបាលខណ្ឌដូនពេញនឹងបន្តរៀបចំកន្លែងដ៏ទៃទៀតតាមពេលវេលា និងផែនការបានកំណត់។ សូមបងប្អូនមហាជនទូទៅជួយគាំទ្រ និងសហការដោយយើងខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះមតិយោបល់ក្នុងន័យស្ថាបនា៕