Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលឈ្មោះ «ការពារបរិស្ថាន និងអភិរក្សសត្វព្រៃ ព្រៃឈើកម្ពុជា» ចំនួន១៤នាក់ ត្រូវឃាត់ខ្លួន ករណីដាក់កុងត្រូលជជុះទារលុយ​យ៉ាងអនាធិបតេយ្យ នៅស្រុកវាលវែង

03-05-2018 11:14

(ពោធិ៍សាត់​)៖ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលមានឈ្មោះថា «អង្គការការពារបរិស្ថាន និងអភិរក្សសត្វព្រៃ ព្រៃឈើកម្ពុជា» ចំនួន១៤នាក់​ ត្រូវបានកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បើកប្រតិបត្តិការឃាត់ខ្លួន និងយកទៅសាកសួរនាំតាមនីតិវិធីច្បាប់ បន្ទាប់ពីក្រុមពាលទាំងនេះដើរដាក់កុងត្រូលជជុះតាមផ្លូវ សំឡុតយកលុយពីបទល្មើសនានាយ៉ាងអនាធិបតេយ្យ។

ប្រតិបត្តិការដែលទទួលបានការគាំទ្រពីមហាជនខាងលើនេះ ដឹកនាំដោយលោក​ ធាង​ ឡេង​ អធិការនគរបាលស្រុក​វាលវែង នាយប់ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅលើផ្លូវជាតិលេខ៥៥​ ចំណុចគីឡូម៉ែត្រលេខ៦២ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ ​

លោក​ ប៊ូ​ ង៉ែត​ អធិការរងនគរបាលស្រុកវាលវែង​ បានឲ្យដឹងថា​ ក្រោយទទួលបានបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់​ កម្លាំងអធិការនគរបាលស្រុកវាលវែង​ ដែលដឹកនាំដោយលោក​អធិការ ធាង​ ឡេង​ បានចុះប្រតិបត្តិការភ្លាមៗ និងឃាត់បានមុខសញ្ញាចំនួន ១៤នាក់ យកមកចាត់ការតាមនីតិវិធីច្បាប់។

មុខសញ្ញាទាំង១៤នាក់នោះ រួមមាន៖ ឈ្មោះ ញ៉ែម ផៃមន្នី ជាប្រធានលេខាតំបន់៥ នៃអង្គការការពារបរិស្ថាន និងអភិរក្សសត្វព្រៃ ព្រៃឈើកម្ពុជា។ ឈ្មោះ អ៊ីង កន, កន ថៃ និងឈ្មោះ ផែង សុគុណ ជាសមាជិកអង្គការ។ ឈ្មោះ ហ៊ុន ទី, កែវ ដារ៉ាវុធ, យឿង ម៉ៃតី, ធន់ សុខុន, នុត វណ្ណា, ឃុត សុខឃីម, ញ៉ិល វណ្ណា, ទិត យួម, ហួន ហា និងឈ្មោះ ព្រាប ហុន ជាមន្ត្រីអង្គការ។

លោក​អធិការរង ប៊ូ​ ង៉ែត បានបន្តថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងបន្តចាត់ការតាមនីតិវិធីច្បាប់៕