(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកនៅខាងក្រោយផ្ទះរបស់ពួកគាត់។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតក្នុងក្រុម៧ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរទៅបត់ជើងតូចនៅទីនោះ ខណៈពេលនោះ ក៏បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ដោយសាកសពខាងលើនេះ មានស្លៀកពាក់ខោសាច់ក្រណាត់ពណ៌ខ្មៅ អាវយឺតពណ៌ខ្មៅ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យចុះមកពិនិត្យមើល។
ក្រោយពីធ្វើសមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មាននេះរួចមក កម្លាំងសមត្ថកិច្ចជំនាញរបស់ប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញរបស់ខណ្ឌ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យ។
ក្រោយពេលដែលកម្លាំងសមត្ថកិច្ច បានធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានបញ្ជាក់ថា សាកសពបុរសខាងលើនេះ ពិតជាស្លាប់ដោយសារតែការលង់ទឹក ពិតប្រាកដមែន។ ចំណែកឯសាកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចដាក់តម្កល់ទុកធ្វើបុណ្យនៅវត្តប្រជុំសាគរ ហៅវត្តថ្មី ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យ៕