(ស្វាយរៀង)៖ តាមការផ្សងរបស់គោឧសភរាជ បានបង្ហាញឲ្យដឹងថា ការបង្កើនផលនៅឆ្នាំ២០១៨នេះ ស្រូវ ពោត សណ្តែក ទទួលបានផលល្អប្រសើរ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោឧសភរាជមិនបរិភោគនោះឡើយ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃព្រសហ្បតិ៍ ០៤រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះត្រូវបានធ្វើឡើងតាមលំអានព្រះរាជបវេណីតាមបែបព្រហ្មញ្ញសាសនាជាបន្តបន្ទាប់ ដោយមានការបួងសួងដល់វត្ថុស័ក្ដិសិទ្ធ និងទេវតាថែរក្សាចក្រវាឡពីព្រាហ្មណ៍ព្រះរាជគ្រូ សូមឲ្យការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទទួលបានភោគផលល្អ និងសូមឲ្យប្រទេសកម្ពុជា បានជួបតែសុខសន្តិភាព និងរីកចម្រើន។
បន្ទាប់មកអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ដែលត្រូវចាត់តាំងធ្វើស្តេចមាឃ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ភ្ជួរលើវាលព្រះស្រែ និងព្រោះគ្រាប់ស្រូវដោយលោកស្រី ឈុន ណារី ភរិយាលោក ម៉ែន វិបុល ដែលជ្រើសតាំងជាមេហួ ចំនួន៣ជុំរួចមក ព្រាហ្មណ៍ព្រះរាជគ្រូ ដោះយកគោឧសភរាជទៅបរិភោគគ្រាប់ធញ្ញជាតិចំនួន ៧មុខ រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក ដែលបានរៀបចំទុករួចជាស្រេចនោះ។
ក្នុងចំណោមធញ្ញជាតិទាំង ៧មុខនោះ គោឧសភរាជបរិភោគស្រូវ ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨០ភាគរយ ដោយឡែកល្ង ស្មៅ ស្រា និងទឹក គោមិនបរិភោគនោះទេ៕