(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដឹកនាំក្រុមការងាររបស់លោក ចុះសិក្សាអំពីផលចំណេញ និងផលប៉ះពាល់ នៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចុះកម្មសិក្សានៅតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានគោលបំណងសិក្សា អំពីផលចំណេញ និងការប៉ះពាល់ទៅដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពជា។
លោកអះអាងថា ក្រុមការងាររបស់លោក នឹងធ្វើលិខិតសុំជួបអភិបាលខេត្ត ដែលពាក់ព័ន្ឋនៅតំបន់អភិវឌ្ឍន៍ត្រីកោន និងមន្រ្តីបច្ចេកទេស របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអភិវឌ្ឍន៍តំបន់ត្រីកោននោះផងដែរ។
បើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាកលវិទ្យាល័យក្រចេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បានឱ្យដឹងថា តំបន់ត្រីកោណ នៅក្នុងប្រទេសកម្ពុជា ពេលនេះមានការអភិវឌ្ឍប្រសើរឆ្ងាយបើធៀបនឹងឆ្នាំ១៩៩៨។ សម្តេច បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍនៅតំបន់ត្រីកោណនេះ កម្ពុជាបានចំណាយលុយខ្លួនឯងប្រមាណ៥០០ ទៅ៦០០លានដុល្លារទៅហើយ៕