(ភ្នំពេញ)៖ បន្ទាប់ពីមានការចែកចាយ និងរិះគន់យ៉ាងច្រើនទៅលើមន្រ្តីនគរបាលពីររូប ដែលបានទារប្រាក់ ២០ដុល្លារ ពីជនជាតិវៀតណាម បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍នោះ នៅពេលនេះមន្ត្រីនគរបាលទាំងពីររូបត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងស្នើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបណ្តេញចេញពីក្របខណ្ឌនគរបាល។
លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះ ត្រូវផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
បើតាមលោកនាយការិយាល័យចំពោះចំណាត់ការយ៉ាងនោះ លោកបានសុំគោលការណ៍ពីនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។
លោកថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើ បានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍ និងមិនបានចេញបង្កាន់ដៃ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។
បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹង ព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពី នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។
បើតាមលោក សែម គន្ធា ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺគោរពស្នើសុំគោលការណ៍ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង។
ក្នុងនោះដែរ នាយឧត្តមសេនីយ៍ បន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញ ត្រូវបានទទួលនូវការលើកទឹកចិត្ត និងឧបត្ថម្ភពីសម្តេចក្រឡាហោម ស ខេង, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណផងដែរ។
ជារួមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មិនអនុញ្ញតឲ្យមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូរ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ៕