(ស្វាយរៀង)៖ ព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ នឹងយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលបានរៀបចំធ្វើឡើងនៅក្នុងខេត្តស្វាយរៀង។
មិនខុសបណ្តាឆ្នាំកន្លងទៅនោះដែរព្រះរាជពិធីច្រត់ព្រះនង្គ័លនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរាជការតាមក្រសួងស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះធ្វើឡើងនៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលមានលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើជាស្តេចមាឃ និងលោកស្រី ឈុន ណារី ធ្វើមេហួ។
នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តស្វាយរៀង ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ នៅកន្លែងប្រារព្ធពិធីមានការរៀបចំតាំងបង្ហាញនូវផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ក៏ដូចជាបង្ហាញនូវសកម្មភាពនានារបស់ក្រសួងស្ថាប័ននានា។
ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំនៅដើមរដូវវស្សា ដែលជាព្រះប្រវេណីរបស់ព្រះមហាក្សត្រផង ហើយក៏ដើម្បីជាការប្រកាសប្រកាសប្រាប់ប្រជាពលរដ្ឋថា រដូវវស្សាបានឈានចូលមកដល់ និងជាការផ្សងមើលប្រផ្នូលរបស់ស្រុកទេស ជាពិសេសផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លកាលពីដើមឡើយរៀបចំធ្វើឡើងតែនៅវាលព្រះមេរុ ក្បែព្រះបរមរាជវាំងតែប៉ុណ្ណោះ តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីតែងបានប្រារព្ធធ្វើឡើងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តបានចូលរួម និងស្វែងយល់ពីព្រះរាជពិធីមួយនេះ៕