(ភ្នំពេញ)៖ កងកម្លាំងមួកខៀវរបស់កម្ពុជា ៤២៨នាក់ទៀត ដែលក្នុងនោះមាននារី ២៤នាក់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ស្អែកនេះ នឹងត្រូវចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូងរយៈពេលប្រមាណជាមួយឆ្នាំ។
ពិធីបញ្ជូនកងកម្លាំងចេញទៅបំពេញបេសកកម្មដើម្បីបុព្វហេតុសុខសន្តិភាពរបស់ប្រទេស និងប្រជាជាតិរបស់ម៉ាលី និងស៊ូដង់ខាងត្បូងនេះ នឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ចាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុងរាជធានីភ្នំពេញ។
កងកម្លាំងដែលចេញទៅបំពេញបេសកកម្មនៅថ្ងៃស្អែកនេះរួមមាន៖ កងវិស្វកម្មព្រលានយន្តហោះលេខ១៩៨ ចំនួន ១៦៥នាក់ នារី ១៣នាក់, កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១២៣ ចំនួន ១៤៤នាក់ នារី ១១នាក់ និង កងអាវុធហត្ថលេខ១៨១ ចំនួន ១១៩នាក់។
សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី១២ហើយ ដែលកម្ពុជា បានបញ្ចូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន ១២៣នៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន ០៨ប្រទេសរួមមាន៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល សរុបចំនួន ៥,២៥៧នាក់។
ជំនាញដែលកងកម្លាំងរបស់កម្ពុជាបានបំពេញនោះរួមមាន៖ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍។
បច្ចុប្បន្ន កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ៨១៣នាក់ នារី ៥០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ ៥ប្រទេស ដោយមិននឿយហត់ ក្រោមអាកាសធាតុមានសីតុណ្ហភាពក្តៅហួតហែង រហូតដល់ ៥៧អង្សា នៅអាហ្វ្រិកកណ្តាល និងត្រជាក់រហូតក្រោមសូន្យអង្សារនៅប្រទេសលីបង់៕