(ក្រចេះ)៖ ប្រជាពលរដ្ឋខេត្តក្រចេះ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងថា ពលរដ្ឋខេត្តក្រចេះ មិនហ៊ានឱ្យ លោក សម រង្ស៊ី ធ្វើនយោបាយទៀតទេ ដោយសារតែពួកគេបារម្ភអំពីការបាត់បង់ទឹកដីកម្ពុជា ដោយសារតែស្នាដៃជនក្បត់ជាតិរូបនេះ។
បានធ្វើឡើង ក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
ប្រជាពលរដ្ឋខេត្តក្រចេះ បានលើកឡើងទៀតថា បើសិនជាចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិដទៃបែបនេះ តើកូនខ្មែរបានទឹកដីឯណារស់នៅ ។ ពលរដ្ឋខេត្តនេះ ក៏ជំរុញដល់តុលាការ ឱ្យផ្តន្ទាទោស លោក សម រង្ស៊ី ទៅតាមច្បាប់ ចំពោះទង្វើក្បត់ជាតិដែលលោកបានប្រព្រឹត្ត។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែល លោក សម រង្ស៊ី ដែលកំពុងមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពី សំណាញ់ច្បាប់ នៅក្រៅប្រទេសនៅឡើយ៕