(សៀមរាប)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងប្តេជ្ញាថា នឹងប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីចុះដោះស្រាយរាល់ទុក្ខលំបាករបស់អតីតយុទ្ធជន និងជួយឲ្យរស់នៅរបស់ពួកគាត់កាន់តែល្អប្រសើរ។
ការប្តេជ្ញារបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងល្ងាចថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ក្នុងពេលចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូន សមាជិកអតីតយុទ្ធជនស្រុកពួក ខេត្តសៀមរាប ៦៦៥នាក់។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្មទៅទូទាំង២៥រាជធានី-ខេត្ត ហើយបានចុះទៅដល់កន្លែងរស់នៅរបស់អតីតយុទ្ធជនថែមទៀតផង ដើម្បីពិនិត្យពីការរស់នៅរបស់អតីតយុទ្ធជន និងដោះស្រាយនូវទុក្ខលំបាកផ្សេងៗរបស់អតីតយុទ្ធជន។ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នោះ នាយឧត្តមសេនីយ៍ តែងបានស្នើសុំគោលការណ៍សម្រេចភ្លាមៗពីសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ផ្ទះសម្បែង ឬដោះស្រាយបញ្ហាផ្សេងៗទៀតជូនអតីតយុទ្ធជន។
ក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបញ្ជាក់ថា «ជិតបីឆ្នាំមកនេះយើងបានខិតខំដោះស្រាយការលំបាកជូនបងប្អូនបានជាបន្តបន្ទាប់ដូចជាការបើកប្រាក់បេឡាមរណៈសង្គ្រោះបានទាន់ពេលវេលា ដែលពីមុនមានការយឺតយ៉ាវ។ ដឹកនាំធ្វើបច្ចុប្បន្នភាព ចុះស្វែងយល់ពីសុខទុក្ខបងប្អូននៅគ្រប់មូលដ្ឋានរកឃើញអ្នកដែលទាល់ក្រ ដើម្បីរកដី និងសាងសង់ផ្ទះជូនភ្លាមៗក្រោយមានការសម្រេចពីសម្តេចតេជោ»។
«ពួកយើងខ្ញុំជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា តែងបានធ្វើចលនាស្វែងរកប្រាក់ពីឧបត្ថម្ភនានាពីសម្បុរសជន ដែលក្នុងនោះសម្តេចតេជោ តែងបានជួយឧបត្ថម្ភជារៀងរាល់ឆ្នាំក្នុងទិវាស្តីពីអតីតយុទ្ធជនកម្ពុជា»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់បន្ថែម។
ក្នុងកិច្ចសំណេះសំណាលនាល្ងាចថ្ងៃនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានសុំឲ្យបងប្អូនអតីតយុទ្ធជនត្រូវចេះជួយគ្នាពេលមានធុរៈ។
អ្នកស្រី ហ៊ុន ឡី ត្រូវជាគ្រួសារសពលោកអនុសេនីយ៍ឯក ដួង ច័ន្ទធី យោធិនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ឃុំ ស្រុក ដែលបានយកចិត្តទុកដាក់នៅពេលប្តីគាត់មានជំងឺ ដោយដឹកបញ្ជូនទៅមន្ទីរពេទ្យ ព្យាបាលអស់ពីចិត្ត។ តែជាអកុសលស្វាមីគាត់នៅតែស្លាប់ដោយសារគាំងបេះដូង តែក៏ត្រូវបានសមាគមអតីតយុទ្ធជនខ្នះខ្នែងជួយរៀបចំពិធីបុណ្យដោយមានលោកអភិបាលស្រុក ដែលជាប្រធានកិត្តិយស កងកម្លាំងទាំងបី មេឃុំ មេប៉ុស្តិ៍ នាំយកថវិកាមរណៈសង្គ្រោះមកជូនរួម ព្រមទាំងលិខិតរំលែកទុក្ខថែមទៀងផង។
អ្នកស្រីបានបង្ហាញថាខ្លួនមានភាពកក់ក្តៅខ្លាំងនៅពេលបានសមាគមអតីតយុទ្ធជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានគិតគូរដល់ទុក្ខលំបាករបស់អតីតយុទ្ធជនបែបនេះ៕